ខេត្តស្វាយរៀង៖នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៣នេះរដ្ឋបាលស្រុករមាសហែក សហការជាមួយទីចាត់ការគ្រប់គ្រងធនធានខេត្ត សមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ប្រចាំខេត្តស្វាយរៀង បានរៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី តួនាទី ភារកិច្ចស្មៀនឃុំ មេឃុំ និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន។
អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនេះ លោកស្រី កឹម បណ្ណារ៉ា នាយករងទីចាត់ការ គ្រប់គ្រងធនធានមនុស្សសាលាខេត្តស្វាយរៀង លោក អៀង ភណិន្ទ ប្រធានកា.រិផែនការ និងវិនិយោគសាលាខេត្ត លោកស្រី ភួង ភ័ក្តី អនុប្រធានកា.រិបុគ្គលិកវគ្គនេះរៀបចំនៅសាលប្រជុំគណបក្សស្រុករមាសហែកវត្តមានចូលរួមសរុបមាន ៦០នាក់។
លោកស្រី កឹម បណ្ណារ៉ា នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្វាយរៀងបានមានប្តសាសន៍ថា៖គោលបំណងបើកវគ្គ បណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី តួនាទី ភារកិច្ចស្មៀនឃុំ មេឃុំ និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាននេះគឺពង្រឹងសមត្ថភាព រំលឹកចំណុចគន្លឹះសំខាន់ៗជូនមន្រ្តីនៅរដ្ឋបាលស្រុក ស្មៀន និងក្រុមប្រឹក្សាឃុំ ពិសេសអ្នកទទួលបន្ទុកកិច្ចការនារីកុមារឃុំ ដើម្បីយកទៅអនុវត្តការងារប្រចាំថ្ងៃនៅមូលដ្ឋានបានល្អប្រសើ ។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖បើកវគ្គបណ្ដុះបណ្ដាល សិក្ខាកាមអំពី មូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងតួនាទីជាស្មៀនឃុំ សង្កាត់ ការតាក់តែងលិខិត ទម្រង់លិខិត ខ្លឹម សាលិខិត ការទុកដាក់ឯកសារ ការចរាចរលិខិត ព្រមទាំងរបៀបរបធ្វើការងារ សម្រាប់រដ្ឋបាលឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបំពេញការងាររបស់ខ្លួនអោយ បានត្រូវគោលដៅដែលត្រូវការ ស្របតាមច្បាប់ស្តីពី “ការគ្រប់គ្រងរដ្ឋបាលរដ្ឋបាលឃុំ សង្កាត់” “គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា” និង“ប្រកាសលេខ១៣២៩. ប្រ.ក ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់”។
លោកស្រីបានលើកឡើងថា៖រដ្ឋបាលខេត្តស្វាយរៀងតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី តាមរយៈការបើកវគ្គសិក្សាជាច្រើន ដែលរៀបចំដោយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត ដោយផ្អែកលើផែន ការសកម្មភាព និងថវិកាអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលខេត្តស្វាយរៀង។
ហេតុនេះសូមមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមខ្លួនទទួលយកការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ទៀត ដើម្បីរៀបចំតាក់តែងលិខិរដ្ឋបាលបានត្រឹមត្រូវតាមការណ៍ណែនាំ គ្រប់គ្រងឯកសារកាន់តែមានប្រសិទ្ធិភាព និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
លោកស្រីបានផ្តាំផ្ញើដល់ សិក្ខាកាម ដែលជាស្មៀនឃុំទាំងអស់ សូមយកចិត្តទុកដាក់ត្រងត្រាប់ ស្តាប់ការពន្យល់បកស្រាយ របស់គ្រូឧទ្ទេស ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ ទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងឃុំរបស់ខ្លួន ឱ្យមានលក្ខណៈ ឯកភាពគ្នា និងស្របគ្នាចំពោះកិច្ចការរដ្ឋបាល ក៏ដូចជាទម្រង និងខ្លឹមសារនៃលិខិតរដ្ឋបាលរបស់ឃុំ សង្កាត់ផងដែរ។