ដើមផ្កាក្ងោកជាង៨០០ដើម ដែលរដ្ឋបាលខេត្តដាំជាង២ឆ្នាំ បញ្ចេញផ្កាក្លាយជាទេសភាពស្រស់ត្រកាលគួរឱ្យទាក់ទាញ

ខេត្តប៉ៃលិន ៖ ថ្លែងឡើងក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ មើល ដើមផ្កាក្ងោក ចំនួន៨០០ដើម ដែលរដ្ឋបាលខេត្ត បានដាំងស់រយៈពេលជាង២ឆ្នាំ នៅអមតាមសងខាងដងផ្លូវនានាក្នុងក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំអភិបាល ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅថ្ងៃអនាគត កូនឈើ និងដើមផ្កា រាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្តប៉ៃលិន ដូច្នេះលោកជំទាវ ក៍បានអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្តផងដែរ។

លោកជំទាវ បាន ស្រីមុំអភិបាល ខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា ៖ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅ នឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖ ជាក់ស្តែងនៅថ្ងៃនេះ លោកជំទាវ បានដឹកនាំ ក្រុមការងារចុះពិនិត្យមើល ដើមផ្កាក្ងោក ចំនួន ៨០០ដើម ដែលរដ្ឋបាលខេត្តបានដាំរយៈពេលជាង២ឆ្នាំ នៅអមតាមដងផ្លូវនានាក្នុងខេត្ត ហើយបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និងសោភ័ណ្ឌភាពជាបណ្តើរៗ និងសង្ឃឹមថានៅឆ្នាំក្រោយៗ ដើមផ្កាក្ងោកទាំងនេះ កាន់តែបញ្ចេញសម្រស់ ស្រស់ស្អាតពាសពេញទីរួមខេត្ត ក្នុងនោះរដ្ឋបាលខេត្ត គ្រោងដាំដើមផ្កាក្ងោកនេះ ចំនួន ១០០០ដើមបន្ថែមទៀតផងដែរ នៅតាមទីសាធារណៈ និងអមសងខាងដងផ្លូវនានា ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះក្រុមការងារ មន្រ្តីជំនាញ និង ពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យ សំរាម បានយ៉ាងល្អស្អាត ស័ក្តិសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អប្រពៃ ផូរផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួន៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *