រថយន្តដឹកសិស្សសាលាប្រាយវេ បត់ឆ្លងផ្លូវមិនបានប្រយ័ត្នបុកជាមួយរថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទបណ្ដាលឲ្យរបួសកូនសិស្សធ្ងន់ស្រាល4នាក់

ខេត្តកំពង់ឆ្នាំង យ៉ាងហោចណាស់សិស្សសាលាភាសាអន្តរជាតិប្រាយវេរចំនួន 4 នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង 11:00 ព្រឹកថ្ងៃទី 29 ខែឧសភា ឆ្នាំ 2023 ខណៈដែលរថយន្តដឹកសិស្សទាំងនោះបត់ឆ្លងថ្នល់មិនបានប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងទៀតបុកក្នុងដំណើរខ្វៃទិស។ហេតុការណ៍នេះបានកើតឡើងនៅលើតាមបណ្ដោយផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 57 និង លេខ58 ក្នុងភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច។

យោងតាមរបាយការណ៍របស់នគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2 AW.28 49 បើកបរដោយបុរសឈ្មោះ សែន អានីន ភេទប្រុសអាយុ 63 ឆ្នាំមានទីលំនៅភូមិច្រករមៀត ឃុំឈូកសស្រុកកំពង់ត្រឡាច  បានធ្វើដំណើរដឹកសិស្សចំនួន 4 នាក់ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេង ដើម្បីប្ដូរគន្លង មិនបានប្រយ័ត្នក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ 02.27 778 បើកបរដោយឈ្មោះ អៀង ណារ៉ា ភេទ ប្រុស អាយុ28 ឆ្នាំមានទីលំនៅភូមិឃួច ឃុំក្រោកគោ ស្រុកស្វាយជ្រុំ  ខេត្តស្វាយរៀង ក្នុងដំណើរពីត្បូង ទៅជើង ក៍បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងរបួសមនុស្ស៥ នាក់(ស្រីម្ម្នាក់ )រកក្នុងនោះរបួសធ្ងន់2នាក់ ជាសិស្សសាលានិងខូចខាតរបងសុវត្ថិភាពផ្លូវ 6 ម៉ែត្រ។

សមត្ថកិច្ចនគរបាលបានស្រង់សម្ដីរបស់អ្នកបើកបររថយន្តដឹកសិស្សបញ្ជាក់ថាខ្លួនបានបើករថយន្តពីជើងទៅត្បូងលុះមក ដល់កន្លែងកើតហេតុ  បានប្ដូរគន្លងផ្លូវពីលិច ឆ្លងថ្នល់ទៅកើតក៏បានរថយន្តខេមរៈភូមិន្ទបុកតែម្ដង។

ចំណែកឯអ្នកបើកបររថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបញ្ជាក់ថាខ្លួនបានធ្វើដំណើរពីត្បូងទៅជើង។មកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកសិស្សបត់កាត់ពីមុខបណ្ដាលឲ្យបុកគ្នាតែម្ដង។

ទោះយ៉ាងណាអ្នកបើកបររថយន្តដឹកសិស្សដែលសមត្ថកិច្ចសន្និដ្ឋានថាប្ដូរកន្លងមិនបានប្រយ័ត្នត្រូវបានឃាត់ខ្លួន។ចំណែក សិស្សសាលាត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច រីឯរថយន្តទាំង2គ្រឿងត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *