រដ្ឋលេខាធិការក្រសួងការពារជាតិដឹកនាំមន្ត្រីរាជការខេត្តប៉ៃលិនប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនៃពិធីចងចាំ២០ ឧសភា ២០២៣

ខេត្តប៉ៃលិន៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមគ្នាទប់ស្កាត់មិនឱ្យរបបនេះមានលើទឹកដីកម្ពុជាលើកទី២ឡើយ

ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសា សន៍រំលឹកថា ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ដោយភាពអយុត្តិ ធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមគ្នាទប់ស្កាត់មិនឱ្យរបបមួយនេះ មានលើទឹកដីកម្ពុជាលើកទី២ឡើយ។ ឯកឧត្តមបានថ្លែងរំលឹកបែបនេះនាព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តរតនៈសោភ័ណ ស្ថិតភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន មានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរង លោក លោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បន្តថា ៖ នាថ្ងៃ ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀត បានបាត់បង់អាយុជីវិតដោយអយុត្តិធម៍បំផុត ក្នុងរបបប្រល័យពូជសាសន៍អាវខ្មៅ ប៉ុល ពត ។ ឯកឧត្តមក៏បានអំពាវដល់លោក-លោកស្រី ក្នុងអង្គពិធីទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាព កុំឲ្យមកបំផ្លាញប្រទេសកម្ពុជា។  ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឡើងវិញ។ ឯកឧត្តម ក៏បានស្នើសុំអង្គបោះឆ្នោតទាំងអស់នាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត  លោក-លោកស្រីក្នុងអង្គពិធីក៏បានប្រគេនទេយ្យទានជូនព្រះសង្ឃ ដើ ម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *