បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិថៃជួញដូរគ្រឿងញៀន និងគ្រឿងញៀនរាប់រយកញ្ចប់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ខែ មេសា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។
ជនសង្ស័យ ឈ្មោះ សែតថាវុធ ឡាម៉ានី (SETTAWOOT LAMANEE) ហៅ តាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលមាត់អូរព្រំដែន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា មុនពេលបង្ក្រាបករណីនេះ នៅវេលាម៉ោងប្រហែល០២និង០០នាទី ទាបភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមក្នុងក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតថា មានជនសង្ស័យម្នាក់ជនជាតិថៃ បានយួរថង់ក្រដាសមួយ បម្រុងនឹងដើរចូលក្នុងក្លឹបតែក៏ត្រូវបានសន្តិសុខ មានការសង្ស័យ ហើយសុំឆែកក្នុងថង់ក្រដាសនោះ ក៏ឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា មួយចំនួនធំ (១៦៤កូនថង់) ដោយឃើញដូចនេះសន្ដិសុខក៏បានរាយការណ៍មកកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
វត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទ ក្រាមម្សៅពណ៌សថ្លា(ខេ)ចំនួន១៦៤កូនថង់កិប ទម្ងន់១៩១,២ក្រាម (មួយរយ កៅសិបមួយក្បៀសពីរក្រាម ថ្លឹងទាំងសម្បកថង់), -ទូរស័ព្ទចំនួន ០១គ្រឿង (ម៉ាក IPHONE 13Pro ពណ៌ខ្មៅ) -ប្រាក់បាត ចំនួន១០,០០០បាត (មួយម៉ឺនបាត), ប្រាក់ដុល្លារចំនួន ៣០០ដុល្លារ, នាឡិកាដៃ ម៉ាក IWATCH ពណ៌ស ចំនួន ០១គ្រឿង, -សៀវភៅលិខិតឆ្លងដែន ចំនួន ០១ក្បាល, -អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Settawoot lamanee) ចំនួន ០១សន្លឹក, កាតទាហ៊ានថៃ ចំនួន ០១សន្លឹក, -ថង់ក្រដាសសម្រាប់ដាក់គ្រឿងញៀន ចំនួន ០១។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារ ភាពថា រូបខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ករណីជួញដូរគ្រឿងញៀននេះសមត្ថកិច្ចអាវុធហត្ថយើងកំពុងធ្វើការស្រាវជ្រាវរកមេខ្លោងធំដែលនៅពីក្រោយករណីនេះផងដែរ៕(សៅនៅ)