ព្រះវិហារ៖ ប្រតិបត្តិការបង្រ្កាបបទល្មើសឆក់ ក្រោមការចង្អុលបង្ហាញយ៉ាងមើងម៉ាត់ពីថ្នាក់ដឹកនាំពី ឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានធ្វើការចុះស្រាវជ្រាវនិងបង្រ្កាបយ៉ាងក្តៅគគុក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោយពីសមត្ថកិច្ចយើងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានករណីឆក់កាបូបកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចគីឡូម៉ែត្រ139-140 លើផ្លូវជាតិ62 ស្ថិតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានក្រុមក្មេងមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន ៤នាក់ ម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ការបូបពីនាក់កំពុងធ្វើដំណើរ តែមិនបានសម្រេច ហើយបណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយពីទទួលបណ្តឹង នឹងទទួលរបាយការណ៍រួចពីលោកអធិការនគរបាលស្រុកត្បែងមានជ័យ សមត្ថកិច្ចជំនាញបានសហការជាមួយកំលាំងជំនាញខេត្ត ដើម្បីធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មានជាបន្ទាន់ តាមបទបញ្ជា របស់ លោកស្នងការនគរបាលខេត្ត រហូតឈានដល់ការកំណត់មុខសញ្ញានឹងចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ម៉ូតូចំនួន២គ្រឿងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕