ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានប្រជុំឆ្លងរបាយការណ៍ការងារគ្រប់គ្រងគ្រឿងបំពាក់សំភារះបច្ចេកទេស ឆ្នាំ២០២២ ទិសដៅ ឆ្នាំ២០២៣ ស្តីពីការពង្រឹងការងារគ្រប់គ្រងសំភារះបច្ចេកទេស ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក និង មាន ការអញ្ជើញចូលរួមពី នាយទាហាន ជំនាញកងទ័ពជើងគោកជាច្រើនរូបទៀត ។
ថ្លែងបើកកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក សួន ខាំឡ បានមានប្រសាសន៍ថ្លែងការកោតសរសើរចំពោះលទ្ធផលស្នាដៃ ដែលគ្រប់បណ្តាអង្គភាព ជំនាញ កងទ័ពជើងគោកបានអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០២២ កន្លងមកបានល្អប្រសើរគួជាទីមោទនៈ ។ ទន្ទឹមនឹងទទួលបានលទ្ធល្អប្រសើរនេះដែរ កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅបន្តអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ឧត្តមសេនីយ៍ឯក សួន ខាំឡ បានគូសបញ្ជាក់ថា ការគ្រប់គ្រង និងចាត់ចែងគ្រឿងបំពាក់ និងសម្ភារបច្ចេក ទេសកងទ័ពជើងគោក ឲ្យមានការឯកភាពគ្នាតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ និងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមអំពីការងារគ្រប់គ្រង មានភាពចំបាច់តម្រូវឲ្យគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ និងការឯកភាព ។
ឧត្តមសេនីយ៍ឯក សួន ខាំឡ បានណែនាំអំពីរបៀបធ្វើតារាងគ្រប់គ្រងគ្រឿងបំពាក់ និងសម្ភារបច្ចេកទេស ដែលក្នុងនោះមាន តារាងអំពីរបៀរបបធ្វើរបាយការណ៍ និងធ្វើផែនការ – តារាងប្រវត្តិ គ្រឿងចក្រគ្រប់ប្រភេទ អាវុធនិង គ្រាប់- តារាងគ្រប់គ្រងអាវុធ គ្រប់ប្រភេទ គ្រាប់ គ្រឿងចក្រគ្រប់ប្រភេទ និងតារាងស្នើសុំកាត់ចេញពីបញ្ជីគ្រប់គ្រង ។
ឧត្តមសេនីយ៍ឯក សួន ខាំឡ សង្ឃឹម ថាឆ្នាំ២០២៣ ការគ្រប់គ្រង និងចាត់ចែង គ្រឿងបំពាក់ និងសម្ភារ:បច្ចេកទេស កងទ័ពជើងគោក អនុវត្តន៍បានល្អប្រសើរ ឆ្លើយតបទៅតាមផែនការកងទ័ពជើងគោកប្រគល់ជូន និងស្របតាមរាល់លិខិតបទដ្ឋាន គតិយុត្តិ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ៕SKS