សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងស្រុកគូលែន

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១៤០គ្រួសារ ស្ថិតក្នុងឃុំទាំង៦ ទូទាំងស្រុកគូលែន ដែល ក្នុងនោះរងគ្រោះខូចខាតទាំងស្រុង ចំនួន១១គ្រួសារ ខូចខាតមធ្យម ចំនួន១២៩គ្រួសារ ហើយការចុះសួរសុខទុក្ខចែកចេញជាបីទីតាំងផ្សេងៗគ្នា ដែលទីតាំងទី១ ប្រព្រឹត្តទៅនៅក្នុង ឃុំស្រយ៉ង់ ទី២នៅក្នុងឃុំគូលែនត្បូង និងទី៣ នៅឃុំថ្មី។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី  បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូន ដែលរងគ្រោះ ដោយសារខ្យល់កន្រ្តាក់នាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមាន ការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍  និងស្វែងរកកន្លែងដែល មានសុវត្ថិភាព។

ឯកឧត្តមក៏បានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយមណាមួយ នោះទេ ពោល”ទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជាហើយកាកបាទក្រហមកម្ពុជា សម្រាប់យើងគ្រប់ៗគ្នា”។

សម្ភារៈដែលបានផ្តល់ជូននាឱកាសនោះរួមមានក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ៥០,០០០រៀល ក្នុងនោះ គ្រួសាររងគ្រោះខូចខាតទាំងស្រុង ទទួលបានតង់ចំនួន១បន្ថែមទៀត។ ប្រគេន ព្រះសង្ឃនៅវត្តសុវណ្ណបុរីបញ្ញោ(ហៅវត្តគូលែនត្បូង) អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអ៉ីវ២យួរ បច្ច័យចំនួន ២០០,០០០រៀល។ ជូនតាជីយាយជី ចំនួន២៩នាក់ ម្នាក់ៗថវិកា ២០,០០០រៀលផងដែរ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *