ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងការនាំយកអំណោយទៅផ្តល់ជូន កម្លាំងទាំង៣ នារសៀលថ្ងៃទី១០ មេសា ឆ្នាំ២០២៣នេះ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានអាវុធហត្ថខេត្ត នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់ នា៤ថ្ងៃទៀតខាងមុខនេះ។
អំណោយដែលត្រូវបានចែកជូន កងកម្លាំងទាំង៣អង្គភាព នាពេលនោះ រួមមាន៖ ថវិកា ជូនអង្គភាព៥លានរៀល ស្រាបៀកម្ពុជា ៥០កេស ទឹកបរិសុទ្ធអរុណា ៥០កេស និងកងកម្លាំង ៣អង្គភាពម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល ផងដែរ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី និងរក្សាសុខ សន្តិភាព ជូនប្រទេសជាតិ និងប្រជាជនទាំងមូល។
លោកអភិបាលខេត្ត បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលកងកម្លាំងនគរបាលជាតិ កងខេមរៈភូមិន្ទ កងរាជអាវុធហត្ថ សម្រេចបាននាពេលកន្លងមក ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារនូវសុខសន្តិភាព ស្ថិរភាពទូទាំងខេត្ត ការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាកើតមានឡើង នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
លោកអភិបាលខេត្តព្រះវិហារ បានក្រើនរំលឹកដល់កម្លាំងនគរបាលកម្លាំងកងទ័ អាវុធហត្ថ ចំណុះខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន និងត្រូវចូលរួមថែរក្សាឱ្យបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ ដោយបន្តគាំទ្រការដឹកនាំរបស់ សម្តេចតេជោ ជាបន្តទៀត ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
លោកអភិបាលខេត្តក៏បានជូនពរដល់កម្លាំងទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជ័យជំនះលើគ្រប់ភារកិច្ចចំពោះមុខជានិច្ច នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ៕