ស្ថាប័នដៃគូរសម្ព័ន្ធមេត្រីភាពអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន កងពលធំអន្តរាគមន៏លេខ៣ប្រចាំទឹសទី១ប្រាសាទព្រះវិហារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ ៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការស្រាលកងពលធំអន្តរាគមន៏លេខ៣ បានទទួលស្វាគមន៍ដំណើរអញ្ជើញចុះសួរសុខទុក្ខ របស់ស្ថាប័នដៃគូរសម្ព័ន្ធមេត្រីភាព អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ឱម យិនទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ អញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងទីបញ្ជាការ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីបញ្ជាការស្រាល១ខ្នង នៅទិសមុំ៣ ដែលសាងសង់អស់ថវិកា៤មុឺនដុល្លារ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាថ្ងៃខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣  បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ដល់ស្ថាប័នសម្ព័ន្ធមេត្រីភាព អង្គភាពប្រឆាំងអំពើពុករលួយ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខការលំបាករបស់កងកម្លាំងប្រដាប់អាវុធ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ: ថវិកា សម្រាប់កសាងអង្គភាព ក៏ដូចជាថវិកា ជូនដល់ដៃយោធិនផ្ទាល់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ ពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស។

ឆ្លៀតក្នងឱកាសនេះដែរ ឯកឧត្តមឱម យិនទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេ លោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ឯកឧត្ដម បាននាំនូវថវិកាចំនួន២៥,០០០ដុល្លា ជូនកងពលសម្រាប់ទិញអំពូលសូឡា ចំនួន១០០ដើម និងថវិកាជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ក៏ដូចសម្ភារមួយចំនួន និងបានលេងល្បែងប្រជាប្រិយខ្មែ រាំលេងកម្សាន្ដ ពិសារអាហារសាមគ្គីដោយភាពស្និទស្នាលសប្បាយរីករាយផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *