ដោយ៖សេងពិសិដ្ឋ
ព្រះវិហារ៖ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេងសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៨ ជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខាខេត្ត រួមជាមួយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៦០គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ២៧គ្រួសារ ខូចខាតមធ្យមចំនួន ៣៣គ្រួសារ ស្មើនឹង ៣ភូមិ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។
នាឱកាសនោះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាខេត្ត បាននាំមកនូវសេចក្តីនឹករលឹករបស់ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់នាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រី ខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ៥០,០០០រៀល គ្រួសាររងគ្រោះខូចខាតទាំងស្រុង ទទួលបន្ថែម តង់ចំនួន ១។-ប្រគេនព្រះសង្ឃ÷អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ បច្ច័យមួយចំនួន ផងដែរ៕