ស្ថាប័នដៃគូរសម្ព័ន្ធមេត្រីភាពរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន កងការពារព្រំដែនលេខ៥០៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៤ បានទទួលស្វាគមន៍ដំណើរអញ្ជើញចុះសួរសុខទុក្ខ របស់ស្ថាប័នដៃគូរសម្ព័ន្ធមេត្រីភាព រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរង យោធភូមិភាគទី៥  អញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែនលេខ៥០៤ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាថ្ងៃខាងមុខនេះ។ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ដល់ស្ថាប័នសម្ព័ន្ធមេត្រីភាព រដ្ឋលេខាធិការរដ្ឋាន ជានិច្ចកាល តែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខការលំបាករបស់កងកម្លាំងប្រដាប់អាវុធ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ: ថវិកា សម្រាប់កសាងអង្គភាព ក៏ដូចជាថវិកា ជូនដល់ដៃយោធិនផ្ទាល់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ ពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស។ ឆ្លៀតក្នងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេ លោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត បានជូនពរដល់យោធិនទាំងអស់ និងក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត រួមមានកុំព្យូទ័រយួដៃ ១គ្រឿង គ្រឿងឧបភោគ បរិភោគ ដូចជាអង្ករ ចំនួន ៥តោន មីជាតិ ចំនួន ១០០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ សៀង ១០០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ត្រីងៀត ១០០គីឡូក្រាម ឆៃប៉ូវ ១០០គីឡូក្រាម និងថវិកាដល់យោធិន ចំនួន ២១៨នាក់ ក្នុង១នាក់ ថវិកា ១០០.០០០រៀល ថវិកាអង្គភាពចំនួន ៤.០០០.០០០រៀល និងថវិកាស្តាស្រះទឹកចំនួន ៦.០០០.០០០រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *