ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ទទួលបន្ទុកបេសកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ចើញ ជាអធិបតីភាពក្នុងពិធីកាត់ឬសសីមាក្នុងវត្តឦសាន្តគីរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានកសាងសមិទ្ធផលនានាលេចធ្លោយ៉ាងសន្ធឹកសន្ធាប់ តាំងពីអតីតកាល បច្ចុប្បន្ន និងអនាគត ខណៈសកម្មភាពនេះ គឺធ្វើឡើងដើម្បីភាពសុខសាន្ត និងរុងរឿងរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមគ្រប់តំបន់សូម្បីតែនៅតំបន់គ្មានវត្តក៏បានកកើតយ៉ាងសន្ធឹកសន្ធាប់ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្តគ្រប់វត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់នៃកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។
ជាមួយនឹងជំនឿយ៉ាងមុតមាំនេះរាជរដ្ឋាភិបាល សម្តេចតេជោ តែងបានប្រកាន់ខ្ជាប់នូវការខិតខំកសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏បវរនៃយើងនេះផងដែរ៕