ប្រជាការពារភូមិទាំង១៣ភូមិក្នុងឃុំក្រោលគោទទួលបានឯកសណ្ឋានថ្មីពីឯកឧត្ដមឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ

ខេត្តស្វាយរៀង៖នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៣នេះលោក វ៉ែន ស៊ីណាត សមាជិកក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោតំណាងឯកឧត្ដមឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ លោក ភោគ វណ្ណថន មេឃុំក្រោលគោ លោកអធិការនគរបាលស្រុកស្វាយជ្រំ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយ អាជ្ញាធរមូលដ្ឋានបានអញ្ជើញបំពាក់ឯកសណ្ឋានប្រជាការពារចំនួ៧០កំប្លេរដល់ប្រជាការពារភូមិទាំង១៣ភូមិនៅក្នុង ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមលោក ភោគ វណ្ណថន មេឃុំក្រោលគោបានមានប្រសាសន៍អោយដឹងថា៖ ដោយមានការសំណូមពររបស់អាជ្ញាធរមូលដ្ឋានក៏ដូចប្រជាការពារភូមិតាមរយៈលោកបានស្នើសុំទៅឯកឧត្ដមឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោបានឧបត្ថម្ភឯកសណ្ឋានប្រជាការពារចំនួន៧០កំប្លេរ ដើម្បីបម្រើ និងការពារប្រជាជន ធ្វើឱ្យភូមិ-ឃុំមានសន្តិសុខ និងសុវត្ថិភាព។

ក្នុងឱកាសនោះដែរ លោក វ៉ែន ស៊ីណាត សមាជិកក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្ដមឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោបានថ្លែងកោតសសើរចំពោះបងប្អូនប្រជាការពារ ដែលមិនបានទទួលប្រាក់បៀវត្ស ប៉ុន្តែមានឆន្ទៈក្នុងការការពារសុខសុត្ថិភាពហើយថែមទាំងលះបង់កម្លាំងកាយចិត្ត ចូលរួមបម្រើប្រជាជននៅមូលដ្ឋានរបស់ខ្លួន។

លោក វ៉ែន ស៊ីណាត បានលើកទឹកចិត្តដល់បងប្អូនប្រជាការពារភូមិទាំងអស់បន្តចូលរួមសហការជាសមត្ថកិច្ចអាជ្ញធរមូលដ្ឋានក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបើសិនជាមានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីបង្ក្រាបទប់ស្កាត់ឲ្យទាន់ពេលវេលាហើយត្រូវអនុវត្តតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់នានាដែលមានជាធរមាននៅកម្ពុជា ពិសេសកុំជឿពាក្យញុះញង់របស់ជនអគតិមួយចំនួន ដែលជំរុញឲ្យប្រព្រឹត្តល្មើសច្បាប់ នាំមានទោសដល់ខ្លួន លំបាកដល់ក្រុមគ្រួសារ។

ហើយត្រូវជឿជាក់ក្នុងការដឹកនាំរបស់ប្រមុខរារដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបន្តបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចំរើនបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *