ខេត្តព្រះវិហារដាក់ផែនការជំរុញការទាក់ទាញភ្ញៀវទេសចរ

ព្រះវិហារ៖ ខេត្តព្រះវិហារដែលជាខេត្តមួយស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា បានកំពុងតែ​ដាក់ផែនការជំរុញទាក់ទាញភ្ញៀវទេសចរដោយផ្អែកនៅលើមូលដ្ឋាននិងសក្តានុពលដែលមាន និងពង្រឹងសេវាកម្មដែលខ្វះខាត ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ គង់ វិបុល បានបញ្ជាក់ កាលពីពេល​ថ្មីៗនេះថា ខេត្តព្រះវិហារមានរមណីដ្ឋានទេសចរណ៍ទាំងប្រវត្តិ​សាស្រ្ត វប្បធម៌ និង ធនធានធម្មជាតិសរុបចំនួន ២៧ កន្លែង ដោយនៅក្នុងនោះ គឺរួមមាន ប្រាសាទព្រះវិហារដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទកោះកេរ ជាអតីតទីតាំងរាជធានីខ្មែរបុរាណ និង ប្រាសាទ​​ព្រះខ័ន​កំពង់​ស្វាយ ឬ ប្រាសាទ​បាកាន  រមណីដ្ឋានបែបធម្មជាតិ២ និង គោលដៅសហគមន៍ទេសចរណ៍ប្រមាណជា ១០ កន្លែង ។

លោកថា ខេត្តព្រះវិហារយើងមានទាំងធនធានវប្បធម៌ ធម្មជាតិ និង ប្រវត្តិ សាស្រ្ត ប៉ុន្តែយើងក៏ត្រូវការវិនិយោគ​បន្ថែមលើសេវាកម្មមួយចំនួន ជាពិសេសគឺ លើ សេវាកម្មស្នាក់នៅ ការហូបចុក និង សេវាកម្មកំសាន្តផ្សេងៗ ។​

លោកបានបន្ថែមថា មកដល់ពេលនេះ យើងមាន​សណ្ឋាគារនិងមូតែលចំនួន ៥ កន្លែង ផ្ទះភ្ញៀវ ៤១ កន្លែង ពោលគឺ ប្រមាណជា ជាង ៦០០ បន្ទប់ និង ភោជនីយដ្ឋាន ៤៣ កន្លែង ប៉ុណ្ណោះ ។

ហើយនៅមិនទាន់បំពេញសេចក្តីត្រូវការសម្រាប់ទាក់ទាញភ្ញៀវទេសចរគ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែយើងនឹង​ខិតខំ​បំពេញ​បន្ថែម​ តាមផែនការនិងយុទ្ធសាស្រ្តដែលយើងបានរៀបចំទុក ផងដែរ“ ។

លោកបានបន្តទៀតថា តាម​ផែនការបច្ចុប្បន្នកម្មអភិវឌ្ឈន៍ទេសចរណ៍ ២០២១ ដល់ ២០២៥  យើងមានបំណងទាក់ទាញភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិឲ្យបាន១ លាននាក់ ដោយនៅពេលនេះយើងកំពុងអនុវត្តនូវយុទ្ធសាស្រ្តមួយចំនួន​ ដូចជាៈ ការអភិវឌ្ឈន៍ផលិតផល​ទេសចរណ៍, ជំរុញការផ្សព្វផ្សាយទេសចរណ៍​, ជំរុញការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធ, បន្តពង្រឹងសន្តិសុខសុវត្ថិភាពជូនអ្នកទេសចរ​, ពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការវិនិយោគលើវិស័យទេសចរណ៌,  ការអភិវឌ្ឈន៍ធនធានមនុស្ស, ​ជំរុញ​ការវិនិយោគ​លើវិស័យទេសចរណ៍ និង ពង្រឹងការអភិរក្សនិងគ្រប់គ្រងធនធនធម្មជាតិជាដើម ​។​

លោកបានបញ្ជាក់ថា “ នៅឆ្នាំ​២០២៣ នេះ យើងរំពឹងថា ភ្ញៀវទេសចរនឹងអាចកើនឡើង ទាបបំផុតជាង ៤០ ភាគរយ បន្ថែមទៀត​ធៀបនឹងឆ្នាំ២០២២កន្លងមក ហើយដើម្បីសម្រេចផែនការនេះខេត្តគ្រោងនឹងរៀបចំ​ ព្រឹត្តិការណ៍ទេសចរណ៍មួយចំនួន​ដូចជាអុំទូក​បែបសហគមន៍ សង្រ្កាន្ត ចូលឆ្នាំតាមក្រុង/ស្រុក មាឃបូជា ក៏ដូចជា ការៀបចំតាំងផលិតផលម្ហូបអាហារខ្មែរជាដើម” ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *