ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា អបអសាទរខួបលើកទី១១២ ឆ្នាំ២០២៣

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នះ​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣​ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងលោកជំទាវ ។

លោកស្រីអនុសេនីយឯក មុក ម៉ាលី ប្រធានក្រុមការងារយេនឌ័រនៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ  បានឡើងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។

ឯកឧត្តម ឧត្តមសេនីយ៍ទោ  ច័ន្ធ សុភត្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារយេនឌ័រ និងយោធិននារីចំណុះទីបញ្ជាការ រួមជាមួយនឹងភរិយា របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ ទាំងអស់​ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាត បានយ៉ាងល្អប្រសើរ។

ឯកឧត្តម បានបន្តទៀតថាការអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣​នេះ ក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកដំកើងតម្លៃដល់នារីគ្រប់រូប ក្នុងសមភាពយេនឌ័រ។

ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ទោ  ច័ន្ធ សុភត្រ្តា មេបញ្ជាការ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍ឯកក្នុងការដឹកនាំអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *