ស្ត្រីមេម៉ាយមានកូន ៦ នាក់នៅក្នុងបន្ទុកទទួលបានផ្ទះមួយខ្នងនិងម៉ូតូមួយគ្រឿងពីលោកអភិបាលក្រុងបាវិតព្រមទាំងសប្បុរសជននានា

ខេត្តស្វាយរៀង: លោក លឹម សៀងហេង អភិបាលក្រុងបាវិតរួមនិងលោកចៅសង្កាត់បាវិត ព្រមទាំងសប្បុរសជននានានៅក្នុងភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៣នេះបានអញ្ជើញប្រគល់ផ្ទះមួយខ្នងនិងម៉ូតូមួយគ្រឿងដល់ស្ត្រីមេម៉ាយម្នាក់ដែលមានកូនប្រុសស្រីចំនួន ៦ នាក់រស់នៅក្នុងបន្ទុកដើម្បីជួយសម្រួលដល់ជីវភាពរស់នៅក្នុងគ្រួសារ។

លោក យស់ ឌី មេភូមិបាវិតលើសង្កាត់បាវិតបានមានប្រសាសន៍ឲ្យដឹងថា:ស្ត្រីមេម៉ាយដែលទទួលបានផ្ទះមួយខ្នងរួមនិងម៉ូតូមួយគ្រឿងនេះមានឈ្មោះសួស សុខ អាយុ ៤១ ឆ្នាំមានទីលំនៅភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងមានមុខរបរជាអ្នកដើរលាងចាននិងបោកខោអាវឲ្យគេនៅតាមផ្ទះហើយសព្វថ្ងៃមានកូន ៦ នាក់រស់នៅក្នុងបន្ទុកបច្ចុប្បន្នកំពុងជួបការលំបាកក្នុងជីវភាពរស់នៅសព្វថ្ងៃ។

លោកមេភូមិបានមានប្រសាសន៍បន្តឲ្យដឹងទៀតថា:ដោយមើលឃើញនៅការលំបាកក្នុងគ្រួសារស្ត្រីខាងលើនេះជាគ្រួសារក្រីក្រគ្មានទីជម្រកទើបលោកក៏បានខ្នះខ្នែងស្វែងរកសប្បុរសជននានានៅក្នុងមូលដ្ឋានដើម្បីសង់ផ្ទះមួយខ្នងធ្វើអំពីស័ង្កសីមានទទឹង ៤.១ ម៉ែត្របណ្ដោយ ៧.៨ម៉ែត្រព្រមទាំងម៉ូតូមួយគ្រឿងដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសារស្ត្រីខាងលើដើម្បីមានទីជម្រករស់នៅបានសមរម្យនិងមានមធ្យោបាយសម្រាប់ធ្វើដំណើរដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតបានងាយស្រួលទៅថ្ងៃក្រោយដែលចំណាយថវិកាសរុបអស់ប្រមាណជាង ១ ពាន់ដុល្លារសហរដ្ឋអាមេរិក។

លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងផងដែរថា:កន្លងមកជនទីទាល់ក្រចាស់ជរាពិការមិនថាតែប្រជាពលរដ្ឋមួយគ្រួសារនេះទេរដ្ឋបាលក្រុង សង្កាត់ សប្បុរសជននានារួមនិងខាងកាកបាទក្រហមកម្ពុជាក្រុងក៏ធ្លាប់បានផ្តល់និងចែកជូនផងដែរប៉ុន្តែវាមិនគ្រប់តម្រូវការនោះទេគឺជួយបានមួយគ្រាតែប៉ុណ្ណោះវាមិនអាចបំពេញតម្រូវការរបស់ពួកគាត់ទាំងអស់នោះឡើយ។

លោកអភិបាលក្រុងក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាទាំងអស់ដែលតែងតែផ្តល់ជាគ្រឿងឧបភោគបរិភោគនិងថវិកាដើម្បីយកមកចែកជូនដល់ពលរដ្ឋទីទាល់ក្រចាស់ជរាជនពិការភាពក្នុងមូលដ្ឋានរបស់លោកក៏ពលរដ្ឋទីទល់ក្រផ្សេងទៀតផងដែរដោយមិនទុកឲ្យពួកគាត់រស់នៅក្នុងស្ថានភាពជួបការលំបាកដោយពុំបានជួយដោះស្រាយនោះទេ។

លោកអភិបាលក្រុងបាវិតក៏បានជម្រុញដល់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋទាំងអស់នោះត្រូវត្រៀមខ្លួន ត្រៀមឯកសារដើម្បីទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនាពេលខាងមុខ គឺបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីសុខសន្តិភាពនិងបន្តការអភិវឌ្ឍរីកចម្រើនជាបន្តទៅទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *