ផ្លូវក្រាលកៅស៊ូDBSTប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិតត្រូវបានបើកការដ្ឋានសាងសង់និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាម៉េមួយខ្សែប្រវែង៤៨៧ម៉ែត្រ

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBSTប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រនិងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាម៉េមួយខ្សែប្រវែង៨៨៧ម៉ែត្រទទឹង៤ម៉ែត្រស្ថិតក្នុងសង្កាត់បាទី ក្រុង បាវិត ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះលោកអភិបាលក្រុងបាវិតបានធ្វើការក្រើនរំលឹក និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជម្រុញឲ្យបានគ្រប់ៗគ្នា ហើយកុំព្រលែងសត្វពាហៈហនៈដែលចិញ្ចឹមពាសវាល ពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋានហើយក៏មិនត្រូវសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អ ពីព្រោះថាសំរាមគឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។

លោក លឹម សៀងហេង  បានមានប្រសាសន៍បន្តទៀតថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរគឺត្រូវបំរើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសំរេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។

លោកអភិបាលក្រុងបានបន្តទៀតថា៖នាពេលមកផ្លូវមួយខ្សែនេះមានសភាពតូចចង្អៀតនិងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារសិស្សសាលាទៅរៀនសូត្រនិងបងប្អូនកម្មករកម្មការិនីធ្វើដំណើរតែងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។

លោកអភិបាលក្រុងបានមានប្រសាសន៍បន្ថែមថាៈសម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។

ហើយនៅពេលផ្លូវនេះបានជួសជុលរួចហើយសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុងឬជនបទនោះឡើយ។

ម៉្យាងទៀតក៏សូមសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *