លោកជំទាវ ម៉ែន សំអន ប្រគល់អំណោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងបុកដូ ជូនមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ

 

ព្រះវិហារ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងនាំសម្ភារៈ បរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ តាមរយៈឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្តមណ្ឌុលព្រះវិហារ ជូនមន្ទីរពេទ្យបង្អែក១៦មករា។ ពិធីនេះ អមដំណើរដោយលោកជំទាវ ហ៊ាង ដារ័ត្ន ភរិយា ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ លោកជំទាវ ចឹក ហេង សមាចកព្រឹត្តភាភូមិភាគទី៨ លោកជំទាវ គឹង ចាន់ឌី ភរិយា ឯកឧត្ដមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម។

លោកជំទាវ ម៉ែន សំអន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលនៅខេត្តព្រះវិហារ ដែលជាខេត្តឆ្ងាយជាប់ព្រំដែនជាមួយប្រទេសថៃ ប្រទេសឡាវ បានធ្វើកិច្ចការយ៉ាងច្រើនទាក់ទងនឹងការផ្តល់ ការព្យាបាល និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ លោកជំទាវ បន្តថា ក្នុងនាមសមាជិករាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺតែងបានគិតគូរយកចិត្តទុកដាក់មែនទែន និងផ្តល់អាទិភាពមុនគេគឺវិស័យសុខាភិបាលនិងវិស័យអប់រំ។

លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងជំរុញដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្ត ត្រូវសិក្សាជាមួយថ្នាក់ដឹកនាំខេត្ត រករូបមន្ត រកមធ្យោបាយ រកវិធីបែបណា ផ្តល់វ៉ាក់សាំងបែបណា ដើម្បីឱកូនចៅប្រជាពលរដ្ឋដែលបានប្រសូត្រមក ឱ្យមានកាយសម្បទាគ្រប់គ្រាន់ និងបញ្ញាស្មារតីល្អផងដែរ។ ការកង្វះអាហារូបត្ថម្ភជាបន្ទុករបស់យើងទាំងអស់គ្នា តែយើងត្រូវតែមានការផ្តល់ជួយផ្សព្វផ្សាយដល់សមភាពគ្រប់ទាំងអស់ ហើយការងារនេះមិនមែនធ្វើតែមន្ត្រីសុខាភិបាលតែម្នាក់ឯងនោះទេ គឺទាំងអស់គ្នា រាប់ទាំងមិត្តភក្តិបរទេសផងដែរ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ ដែលបានយកចិត្តទុកដាក់គិតគូរចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដោយបានទំនាក់ទំនងល្អជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងបុកដូសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយជាសម្ភារៈ បរិក្ខពេទ្យ ជាបន្តបន្ទាប់ដល់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *