ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណាលជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត នៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត ដោយធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តប៉ៃលិន។ លោកជំទាវ បបានមានប្រសាសន៍ថា ៖ ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយការស្ម័គ្រចិត្ដនេះ គឺជាកាតព្វកិច្ច និងអនុវត្ដតាមវិធានការសុខាភិបាល ដើម្បីចូលរួមការពារមេរោគកូវីដ១៩ ដោយពុំមានការបង្ខិតបង្ខំនោះឡើយ គឺជាការស្ម័គ្រចិត្ដ និងកាតព្វកិច្ច ត្រូវទៅជាមួយគ្នា ព្រោះវាមានសារសំខាន់ណាស់ ដែលយើងត្រូវតែយកចិត្ដទុកកដាក់ហើយត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ជានិច្ច បើការពារខ្លួនមិនឆ្លង វាមានន័យថា ការពារគ្រួសារយើង និងសហគមន៍ យើងមិនឱ្យឆ្លងជម្ងឺកូវីដ១៩ដែរ ។ លោកជំទាវ ក៍បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកម្ពុជា និងបានផ្តល់អាទិភាពចំពោះអ្នកសារព័ត៌មានសំរាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះផងដែរ ។ លោកជំទាវ បាន ស្រីមុំ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ និងអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សារជាថ្មីនៅក្នុងសហគមន៍ប្រទេសកម្ពុជា។ លោកជទាវអភិបាលខេត្ត បានបន្តទៀតថា ក្រោមម្លប់សន្តិភាព ប្រជាជនទទួលបានការអភិវឌ្ឍន៍ រីកចំរើន រស់នៅសុខដុមរមនាបន្តទៀត និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋកម្ពុជា ។ ចំណែកលោក ស្លះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដែលបានទទួលវ៉ាក់សាំងមុនគេនេះ បានឲ្យដឹងថា៖ មុនពេលចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ ត្រូវបានគ្រូពេទ្យពិនិត្យសុខភាព និងសួរព័ត៌មានអំពីសុខភាពរបស់យើងជាមុនផងដែរ។ លោកបានបង្ហាញពីចំណាប់អារម្មណ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ថា លោកពិតជាមានមោទនភាព ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។
សូមបញ្ជាក់ដែរថា ខេត្តប៉ៃលិន ទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន បង្ការជំងឺកូវីដ១៩ ពីប្រមុខរាជរដ្ឋាភិបាលដំណាក់កាលទី១នេះ មានចំនួន ១២០០ដូស ស្មើនឹងចាក់បានមនុស្សចំនួន៦០០នាក់ ហើយសម្រាប់មន្ត្រីសុខាភិបាលខេត្តប៉ៃលិន ទទួលបានការចាក់វ៉ាក់សាំងនេះចំនួន១៩១នាក់ ផងដែរ ៕ ដោយ ៖ នីយ៉ា