កណ្តាល ៖ ជនសង្ស័យ៧នាក់ចំណោម៨នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់នាថ្ងៃទី១១វិច្ឆិកា ខណៈធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ ៨នាក់ ជិះម៉ូតូ០៤គ្រឿង ឃាត់ខ្លួនបាន៧នាក់ រួមមាន ១-ឈ្មោះ ផន សុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល, ២-ឈ្មោះ ឆែម សុខចាន់ ហៅវ៉េត ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ,៣-ឈ្មោះ សម្បត្តិ រិទ្ធី ហៅធី ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាស់អំពិល ស្រុកអង្គស្នួល, ៤-ឈ្មោះ កៅ គីមហេង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល , ៥-ឈ្មោះ ផល់ សុភានិត ហៅជូ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល, ៦-ឈ្មោះ ញ៉េន សៀវយ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល(៦នាក់ខាងលើឃាត់ខ្លួន) , ៧-ឈ្មោះ ម៉ុន ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៧.០៤. ២០០៩ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិតារ័ត្ន ឃុំលំហាច ស្រុកអង្គស្នួល (ឃាត់ខ្លួន រួចប្រគល់ឱ្យអាណាព្យាបាលវិញ) និង ៨-ឈ្មោះ គីម ចាន់ថា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល( គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន ១-ដាវចំនួនមួយដើម ប្រវែងប្រហែល០៦តឹក,២-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខតាកែវ 1Y-0715, ៣-ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1HC- 2559, ៤-ម៉ូតូម៉ាកសង់១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-8700និង ៥-ម៉ូតូម៉ាកនីច ពណ៌ខៀវលាយស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1Hv-2749 ។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពើក បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៍ថា ឃើញបក្ខពួកជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងនគរបាលប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ព្រៃពួច ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច និងផ្នែកនគរបាលយុត្តិធម៌ ស្រុក បានរួមសហការគ្នាចេញទៅដល់កន្លែងកើតហេតុ និងដេញតាមស្ទាក់ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿង ហើយបាននាំជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។
ជនសង្ស័យឈ្មោះ ផន សុផា បានឆ្លើយសារភាពថា«ខ្លួននិងបក្ខពួក០៧នាក់ដែលមានឈ្មោះដូចខាងលើ បានរួមគ្នាធ្វើសកម្មភាពដេញវាយជនរងគ្រោះប្លន់យកម៉ូតូមែន។
ក្រោយពីស្ដាប់ចម្លើយឈ្មោះ ផន សុផា រួចមកទើបផ្នែកជំនាញ បានសហការជាមួយប៉ុស្ដិ៍នគរបាលពើក ប៉ុស្ដិ៍ព្រៃពួច ប៉ុស្ដិ៍លំហាច បានស្រាវជ្រាវស្វែងរកមុខសញ្ញាជាបក្ខពួកហើយឃាត់ខ្លួនបានជាបន្តបន្ទាប់សរុប៧នាក់ ដើម្បីសួនាំបន្តតាមនីតិវិធីច្បាប់៕ដោយ ភាវុន