ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ខេត្ត ក្រុមយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩ នៅវិមានឯករាជ ដែលទិវាបុណ្យឯករាជ្យជាតិលើកទី៦៩នេះ ពិតជាធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន នឹកចងចាំអំពីស្នាព្រះហស្តដ៍អស្ចារ្យរបស់អតីតព្រះរាជវរបិតា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុ ណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវរបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ ដោយ ៖ នីយ៉ា