ព្រះវិហារៈ ដោយទទួលបាននូវសេចក្ដីប្រកាសជូនដំណឹងរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជ រដ្ឋាភិបាល ស្ដីអំពីការរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១ នៅក្នុងតំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ និងនៅក្នុងតំបន់មួយចំនួនទៀតក្នុងខេត្តកណ្ដាល ដែលជាព្រឹត្តិការណ៍ឆ្លងលើកទី៣ ចូលទៅក្នុងសហគមន៍ រហូតបានធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលចេញបទបញ្ជា និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អនុវត្តនូវវិធានការណ៍ចំនួន៦ចំណុច ទើបអាចយកឈ្នះ លើជំងឺកូវីដ១៩ បានដោយជោគជ័យ ដែលវិធានការទាំងនោះ មានដូចជា ៣ការពារ រួមមានៈ១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះ ឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់ៗគ្នា។ និងវិធានការ៣កុំ រួមមាន ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ និងទី៣ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំអោបគ្នាជាដើម។
ដោយទទួលបាននូវសេចក្ដីប្រកាសនូវវិធានការដ៏ល្អ និងប្រកបដោយសុវត្ថិភាពនេះ ទើបរដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សុវណ្ណ ជាអភិបាលខេត្ត បានជម្រុញដល់ថ្នាក់ដឹកនាំក្រុងស្រុកទាំង៨ ឱ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ដើម្បីចូលរួមការពារ និងទប់ស្កាត់ទាំងអស់គ្នា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងព្រះវិហារដឹកនាំដោយលោក ប៉ុក ងួន ជាអភិបាលក្រុង និងក្រុមការងារ ចុះធ្វើការផ្សព្វផ្សាយបំពងសម្លេងតាមឃោសនៈស័ព្ទ និងផ្សព្វផ្សាយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ ឱ្យពួកគាត់បានយល់ច្បាស់បន្ថែមទៀត អំពីវិធានការ ការពារជំងឺកូវីដ១៩ និងចូលរួមទប់ស្កាត់ឱ្យបានគ្រប់ៗគ្នា។ ដោយក្រុមការងារបានចាក់បំពងសំលេង នូវសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ស្ដីអំពីវិធានការទាំង៦ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕