ពិធីប្រណាំងទូកនៅខេត្តព្រះវិហារ បានចាប់ផ្តើមហើយ! ទេសរដ្ឋមន្ត្រី មាស សុភា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រៅពីធ្វើឱ្យប្រទេសជាតិមានសន្តិភាព គឺពលរដ្ឋមានសិទ្ធិជួបជុំគ្នាដោយរីករាយតាមកម្មវិធីកម្សាន្តផ្សេងៗទូទាំងប្រទេស

ព្រះវិហារ៖  អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តព្រះវិហារ បានចាប់ផ្តើម ពិធីប្រណាំងទូកលក្ខណៈសហគមន៍ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមជាអធិបតីឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្តមណ្ឌលព្រះវិហារ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅអាងទឹកទំនប់៩៥ ស្ថិតនៅភូមិទំនប់សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ឯកឧត្ដម មាស សុភា បានបង្ហាញក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តព្រះវិហារ ដែលបានធ្វើឡើងនៅសហគមន៍ទេសចរណ៍ទំនប់៩៥នេះ

ឯកឧត្ដម មាស សុភា បានថ្លែងពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ក្នុងឱកាសដ៍សែនសប្បាយរីករាយ នៃពីធីអុំទូក នាថ្ងៃនេះ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាយើង ស្ថិតក្នុងសន្តិភាព និងការអភិវឌ្ឍ និងមានក្តីសប្បាយរីករាយ ដោយខេត្តភាគច្រើននៅទូទាំងប្រទេស ប្រារព្វពិធីបុណ្យអុំទូកអកអំបុក។ សម្រាប់រាជធានីភ្នំពេញដោយសារឆ្នាំនេះប្រទេសយើង រៀបចំកិច្ចប្រជុំអាស៊ាន ចំឱកាសជារៀងរាល់ឆ្នាំយើងបានប្រារព្វព្រះរាជពិធីបុណ្យអុំទូកនេះ ដូច្នេះយើងមិនបានចាត់តាំងព្រះរាជពិធីបុណ្យអុំទូកទេ ប៉ុន្តែអនុញាតឱ្យខេត្តនីមួយៗដែលមានលទ្ធភាពរៀបចំពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិរបស់យើង»។

ឯកឧត្ដម មាស សុភា បានលើកឡើងថា ដោយឡែកនៅខេត្តព្រះវិហាររបស់យើង ជាខេត្តឆ្ងាយដាច់ស្រយ៉ាល ជាខេត្តដែលស្ថិតនៅក្នុងតំបន់ព្រៃភ្នំ មានទន្លេ មានបឹងបួ ដែលជារៀងរាល់ឆ្នាំយើងបានចាត់តាំងពិធីបុណ្យអុំទូកដែរ ប៉ុន្តែក្នុងរយះពេលនៃជំងឺកូវីដ១៩ គឺយើងបានអាក់ខាន។

លោកបញ្ជាក់ថា ខេត្តព្រះវិហារក៏ធ្លាប់ទទួលបានជ័យជំនះជ័យលាភីលេខ១ ក្នុងឆ្នាំ២០២១៦ ជាខេត្តព្រៃភ្នំ តែប្រណាំងទូកបានលេខ១។

លោកថាការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប នៅទំនប់៩៥នេះ ជាលើកទី១ ដែលកន្លងមកមិនធ្លាប់បានរៀបចំទេ ហើយការរៀបចំនេះក្រោមការផ្តួចផ្តើមពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

ឯកឧត្ដម ថាមូលហេតុដែលយើងមិនប្រារព្វធ្វើនៅវេទិកាបុណ្យអុំទូកនៅកំពង់ស្រឡៅ គឺទី១៖ ពេលវេលាមិនគ្រប់គ្រាន់ និងទី២៖ ឆ្ងាយ និងមានការចំណាយច្រើន ប៉ុន្តែនៅឆ្នាំក្រោយៗទៀត យើងនឹងរៀបចំពិធីអុំទូកនៅវេទិកាអុំទូកនៅកំពង់ស្រឡៅ។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើងត្រូវចូលរួមការពារនូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំដោយលំបាក ដើម្បីឱ្យប្រទេសជាតិយើងការតែអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *