ខេត្តស្វាយរៀង៖មន្ត្រីយោធាម្នាក់បើកម៉ូតូយ៉ាងលឿនមិនដឹងថាប្រញ៉ាប់ទៅណាស្រាប់តែជ្រុលចង្កូតខុសផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យសង្វេក។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ១៤កើតខែផល្គុនឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោងប្រហែល០៣:០០នាទីទៀបភ្លឺ(មានករណីដួលម៉ូតូដោយខ្លួនឯង )នៅលើកំណាត់ផ្លូវជាតិលេខ០១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១២៩/១៣០ ស្ថិតក្នុងភូមិឃោសាងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបើកម៉ូតូ ម៉ាក្សហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង១G ០០៤៣ បើកបរដោយឈ្មោះចាន់ សុធី ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរ យោធា មានទីលំនៅភូមិថ្មី ឃុំ តានូ ស្រុកស្វាយទាបខេត្តស្វាយរៀង។មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកបរម៉ូតូម្នាក់ឯងពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព)យ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតដួលបោកក្បាលទៅលើថ្នល់បែកក្បាលបែកមុខបែកមាត់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។ចំណែកម៉ូតូខូចខាតស្រាល ហើយក្រោយពីសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុរួចមកសមត្ថកិច្ចបានយកមធ្យោបាយរក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង។រីឯសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។