អាជ្ញាធរខេត្តព្រះវិហារអះអាងថាមិនមានការបិទផ្លូវ និងយកលុយពីប្រជាពលរដ្ឋដឹកកសិផលយកទៅលក់ ពេលឆ្លងកាត់ផ្លូវក្រុមហ៊ុនចំការអំពៅរបស់ចិននោះទេ

ព្រះវិហារៈ អាជ្ញាធរខេត្តព្រះវិហារបានធ្វើការអះអាងថា៖មិនមានការបិទផ្លូវ និងយកលុយពីប្រជាកសិករ ដឹកកសិកផលឆ្លងកាត់ផ្លូវក្រុមហ៊ុនចំការអំពៅចិន យកទៅលក់តាមទីផ្សារនានានោះទេ។ការបញ្ជាក់អះអាងរបស់អាជ្ញាធរខេត្តបែបនេះ ក្នុងឱកាសដែលលោក អ៊ុង វុឌ្ឍី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ   នៅព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្តែងផ្លូវក្រុមហ៊ុនចំការអំពៅចិន១កន្លែង ដែលបណ្តាញព័ត៍មាននិងបណ្តាញសង្គម បានផ្សព្វផ្សាយប៉ុន្មានថ្ងៃនេះ។

លោក អ៊ុង វុឌ្ឍី បានថ្លែងថា៖ ដោយមានការចង្អុលបង្ហាញពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងនាមលោកជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្បែងមានជ័យ លោកបានដឹកនាំអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក តំណាងសន្តិសុខក្រុមហ៊ុន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែង បន្ទាប់ពីបណ្តាញព័ត៍មានផ្សាយថា មានការតវ៉ាផ្តិតមេដៃពីប្រជាពលរដ្ឋ លើក្រុមហ៊ុនចំការអំពៅចិន ថាបិទផ្លូវ និងយកលុយពីប្រជាពលរដ្ឋលើការដឹកជញ្ជូនកសិផលយកទៅលក់នៅខាងក្រៅ ឆ្លងកាត់ផ្លូវក្រុមហ៊ុន។

លោកអភិបាលរងខេត្តបានថ្លែងបញ្ជាក់ថា៖ការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារថ្នាក់ខេត្ត ស្រុក និងជំនាញពាក់ព័ន្ធនៅពេលនេះ ឃើញថាមិនមានអ្វីដូចការផ្សព្វផ្សាយរបស់បណ្តាញព័ត៍មាននោះទេ?ការពិនិត្យឃើញថាប្រជាពលរដ្ឋប្រមាណ២០ទៅ៣០គ្រួសារ កំពុងតែអាស្រ័យផល និងប្រមូលដំឡូងយកមកលក់តាមទីផ្សារជាធម្មតា មិនមានការបង្ខិតបង្ខំពីក្រុមហ៊ុនទេ ពោលគឺបងប្អូនអាចលក់ផលិតផលនៅទីណាក៍បានឱ្យតែបងប្អូនចង់លក់។

ទាក់ទងនឹងការដាក់បារ៉ាស់ឆ្លងកាត់ផ្លូវរបស់ក្រុមហ៊ុនចំការអំពៅចិន លោក អ៊ុង វុឌ្ឍី ថ្លែងបញ្ជាក់ថា៖ការដាក់បារ៉ាស់នេះក្រុមហ៊ុនគ្រាន់តែចង់ត្រួតពិនិត្យ ថាតើប្រជាពលរដ្ឋប៉ុន្មានគ្រួសារ មានបណ្ណកម្មសិទ្ធ ឫគ្មានបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងក្រុមហ៊ុន?ចំពោះប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងក្រុមហ៊ុន គឺអាចចេញចូលដោយសេរី។លោកថាការដាក់បារ៉ាសនេះគឺជាផ្លូវឯកជនរបស់ក្រុមហ៊ុន ហើយការដាក់នេះគឺដើម្បីងាយស្រួលគ្រប់គ្រងដីវិនិយោគជាង៦០០០ហិចតា របស់ក្រុមហ៊ុន ហើយក្រោយការប្រមូលផលរួច ប្រជាពលរដ្ឋដែលគ្មានបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងក្រុមហ៊ុន គឺមិនអាចដាំដុះទន្រានលើដីក្រុមហ៊ុនបានទៀតទេ។

លោក អ៊ុង វុឌ្ឍី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ក្រុមហ៊ុនមិនមានជួលដីទៅឱ្យបុគ្គលណាទេ   កន្លងមកដោយក្រុមហ៊ុនមានបញ្ហាទុកដីទំនេរ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បាមចូលមកដាំដុះអាស្រ័យផល ហើយឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុននឹងដំណើរការវិនិយោគឡើងវិញ។ចំពោះការកាយប្រឡាយព្រំគឺដើម្បីសុវត្ថិភាពដីរបស់ក្រុមហ៊ុន ហើយកន្លងមកអាជ្ញាធរខេត្ត ស្រុក បានធ្វើការសម្របសម្រួលផ្លូវអាទិភាពសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។សរុបមកការផ្សព្វផ្សាយកន្លងមកមិនមានការពិតទេ ហើយសន្តិសុខក្រុមមហ៊ុនមិនបានយកលុពីប្រជាពលរដ្ឋដែរ ចំពោះការកត់ឈ្មោះគឺមានមែន គ្រាន់តែចង់ដឹងថាតើកាត់មានដីពិតប្រាកដក្នុងក្រុមហ៊ុននៅឯណា?ហើយចំពោះប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដីក្រុមហ៊ុន១ហិកតា ឫ២ហិកតា អាជ្ញាធរខេត្ត ស្រុក បានសម្របសម្រួលមិនឱ្យក្រុមហ៊ុនយកលុយទេពេលប្រមូលផលហើយក៏មិនអនុញ្ញាតិឱ្យគាត់មកដាំដុះលើដីវិនិយោគរបស់ក្រុមហ៊ុនតទៅទៀតទេ ព្រោះឆ្នាំ២០២៣ខាងមុខនេះក្រុមហ៊ុននឹងដំណើរការឡើងវិញហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *