ចាស់ជរាគ្មានទីពឹងទូទាំងខេត្តប៉ៃលិន ចំនួន៥៦នាក់ ទទួលបានអំណោយមូលនិធិពីឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២២ លោក​ ហុក​ សុផល​ អភិបាលរងខេត្ត​ លោកស្រី​ ពៅ សុខ ក្នុងនាមលោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខលោកតា លោកយាយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ដែលមកទទួលអំណោយពីឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ និងប្រាក់ឧបត្ថម្ភប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ពីក្រុមការងាររបស់មូលនិធិ។

លោក ហុក​ សុផល​ ក៏បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតា ចាស់ជរាទាំងអស់ ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរសុខទុក្ខជាប់ជានិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយមិនបាន និងមិនបានដោះស្រាយឡើយ ។

លោក​ ហុក​ សុផល​ បានមានប្រសាសន៍ថា៖ មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោ កតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

កក្នុងនាមលោកជំទាវ បាន ស្រីមុំ លោកក៏បានអំពាវនាវដល់លោកយាយ លោកតាទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍វិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិចាស់ជរាដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតានៅតាមភូមិដាច់ស្រយាល ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ២ក្រុម គឺក្រុមទី១ នៅសាលាឃុំអូរអណ្តូង និងក្រុមទី២ ចុះចែកជូនតាមខ្នងផ្ទះចាស់ជរា ដែលមានជំងឺមកមិនបាន ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន៥៦នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០ម៉ឺនរៀល មី ត្រីខ ទឹកសណ្តែក ឃីត(មុង ភួយ ក្រមា សារ៉ុង) និងជែលលាងដៃផងដែរ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *