ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកអំណោយសង្គ្រោះចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រចំនួន១១៥០គ្រួសារ នៅភូមិភ្នំដំបង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ឱ្យចុះពិនិត្យមើល និងស្វែងរកប្រជា ពលរដ្ឋ ដែលកំពុងតែជួបប្រទះបញ្ហានានាដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនពួកគាត់ឱ្យបានទាន់ ពេលវេលា ហើយឯកឧត្តមក្នុងនាមប្រជាពលរដ្ឋតាំងអស់ដែលកំពុងរស់នៅក្នុងខេត្តប៉ៃលិន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ជូននូវថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងៗ ទៀត ជូនដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការរៀបចំបន្តជូនប្រជាពលរដ្ឋដែលទទួលរងការខ្វះខាត និងរងគ្រោះដោយគ្រោះធម្មជាតិ។
ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះបន្ទាន់នេះដែរ មិនបានចែកជូនឱ្យគ្រប់គ្នាទេ ជាបឋមគឺធ្វើការចែកចំពោះតែប្រជាពលរដ្ឋដែលកំពុងខ្វះខាតខ្លាំងជាងគេ និងប្រជាពលរដ្ឋជួបបញ្ហាគ្រោះទឹកជំនន់នាកន្លងមក ហើយនឹងបន្តចែកចូនជាបន្តបន្ទាប់ទៀត។ ឯកឧត្តមក៏សូមឱ្យមានការអធ្យាស្រ័យហើយក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ សូមប្រញាប់ទទួលការចាក់ដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា។ ដូចនេះ សូមនាំគ្នារួសរាន់ទៅចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នាឯកឧត្តមក៍បានអំពាវនាវដល់ពលរដ្ឋនៅក្នុងភូមិបើមានការខ្វះខាត ឬជួបទុក្ខលំបាកគ្រប់បែបយ៉ាងសូមទំនាក់ទំនងទៅមេភូមិជាបន្ទាន់ ដើម្បើឲ្យបានរាយការណ៍បន្តជូនដល់ក្រុមការងារឱ្យចុះជួយទាន់ពេលវេលា។ ម្យ៉ាងវិញទៀត បើបងប្អូននៅជិតខាងបានដឹងពីអ្នកភូមិដូចគ្នាមានទុក្ខលំបាកក៍សូមរាយការណ៍ជូនបានដូចគ្នាដើម្បីជួយទាន់ពេលវេលា។
សូមបញ្ជាក់ថា ៖ អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបានរួមមាន ឃីត១កញ្ចប់ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕ ដោយ ៖ នីយ៉ា