កណ្តាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានហើយ បណ្តើរតាមផ្លូវ ជួបម្ចាស់ ក៏ប្តឹងដល់សមត្ថកិច្ចមូលដ្ខឋនស្ទាក់ចាប់បានភ្លាមៗ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៤ និង ៤០នាទី នៅចំណុចភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចនិយាយថឋ ជនរងគ្រោះឈ្មោះ វង កុសល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារបាត់បង់ ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 (យកបានមកវិញ) ។
ចំណែកជនសង្ស័យឈ្មោះ ហេង ធា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិថ្មី ឃុំក្បាលទឹកលើ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងចាប់យក ១-កូនសោម៉ូតូម៉ាកហុងដាចំនួន០១ (ជារបស់ជនសង្ស័យ)និង២-ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-0627ជារបស់ជនរងគ្រោះ (យកបានមកវិញ) ។
សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះបានចេញពីធ្វេីការងារនៅរោងចក្រផលិតក្រដាស់ នៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 ។ នៅពេលជិះម៉ូតូដល់ផ្ទះ ជនរងគ្រោះបានចតម៉ូតូទុកនៅក្រោមផ្ទះ ដោយមិនបានចាក់សោកឡើយ ។បន្ទាប់មកជនរងគ្រោះក៏ដើរទៅមើលអន្លុងដាក់ត្រីនៅខាងលិចភូមិ ។
នៅពេលត្រឡប់មកវិញ ជនរងគ្រោះដើរតាមផ្លូវក៏ជួបជាមួយជនសង្ស័យកំពុងបណ្ដើរម៉ូតូរបស់ខ្លួន ដោយឃើញដូចនោះជនរងគ្រោះក៏ស្រែកឮៗថា«ចោរៗ»ដើម្បីឲ្យអ្នកភូមិចេញជួយស្ទាក់ និងរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រៃពួច ។ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងប្រជាការពារ ទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យបាន នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួនាំបន្តតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាពថា«ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដា ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 របស់ជនរងគ្រោះពិតមែន»។
ចំពោះករណីនេះកម្លាំងនគរបាលផ្នែកជំនាញបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕ ដោយ ភាវុន