អំណោយដ៍ថ្លៃថ្លារបស់ មេបញ្ជាការកងទ័ពជើងគោក ចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារ នៅក្នុងស្រុកសង្គមថ្មី

ព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឯកឧត្ដមឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ទៅចែកជូនដល់សមាជិកសមាគម អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារ មកពីបណ្តា ឃុំនានា នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ សមាជិក អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ៥០គ្រួសារ ដែលត្រូវទទួលបានអំណោយពីមេបញ្ជាការកងទ័ពជើងគោក ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ និងថវិកា ២ម៉ឺនរៀល​ ផងដែរ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ​ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា បានថ្លែង ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក រួមនិងឯកឧត្ដម គីម រិទ្ធី ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ តែងតែគិតគូពីគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំងអស់ គ្រប់ពេលវេលា។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា បានថ្លែងទៀតថា ប្រទេសជាតិមានសុខសន្តិភាពមកដល់ពេលនេះ ក៏ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់លើសមរភូមិប្រយុទ្ធ មិនតែប៉ុណ្ណោះទៀតសោត មានបងប្អូនអតីតយុទ្ធជនយើងមួយចំនួន បានពលីជីវិត ខ្លះពិការភាពមកដល់ពេលនេះ និងមួយចំនួនធំទៀត បានចូលសោធន៍និវត្ត នេះហើយគឺជាគុណបំណាច់យ៉ាងធំធេង របស់បងប្អូនអតីតយុទ្ធជនយើង ដែលមិនអាចបំភ្លេចបានឡើយ ។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា បានអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តគាំទ្រ និងទុកចិត្តលើ រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលខាងមុខនេះ ដើម្បីដឹកនាំប្រទេស ឈានឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *