ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជាថ្នាក់កណ្ដាល និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង លោកជំទាវ បានរៀបចំពិធី ផ្តល់ឈាម ដើម្បីជម្រុញការផ្តត់ផ្គង់ឈាមដោយចេរភាព តាមរយៈ បង្កើត “ក្លឹបនៃក្តីស្រទ្បាញ់ ខេត្តព្រះវិហារ” និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងសសយកទាំងក្រុង/ស្រុកនៃខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា ការបរិច្ឆាគឈាមជួយសង្គ្រោះជីវិតរបស់មនុស្ស ជាច្រើននៅទូទាំងពិភពលោក ក្នុងនោះមន្ទីរពេទ្យនៅក្នុងខេត្តព្រះវិហារ ត្រូវការឈាមប្រមាណ ៥០០ប្លោកក្នុងមួយឆ្នាំ។ ឯកឧត្តមបានបន្តថា ឈាមបានមកពីអ្នកស្ម័គ្រចិត្តមានតិចជាង១០% តែប៉ុណ្ណោះ ហើយប្រមាណ៩០%ទៀត បានមកពីគ្រួសារអ្នកជំងឺ ឈាមបានមកពីគ្រួសារ អ្នកជំងឺ មិនមែនជាប្រភពផ្គត់ផ្គង់ឈាមដោយចេរភាពទេ ដោយសារនៅពេលអ្នកជំងឺត្រូវការ ឈាម ពេលខ្លះពុំមានគ្រួសារផ្តល់ឈាមឲ្យ ឬពុំអាចផ្តល់ឲ្យបាន។ ឯកឧត្តមបានបញ្ជាក់ថា អ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយ ចេរភាពបាន។
ឯកឧត្តមបានថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដែលបាន សហការរៀបចំកម្មវិធីនេះ ហើយបានជម្រុញឲ្យ សសយកខេត្ត បន្តរៀបចំកម្មវិធីនេះ ឲ្យមានជារៀងរាល់ខែ ជាពិសេសតាមក្រុង/ស្រុក និងមន្ទីរ-អង្គភាព បន្តស្ម័គ្រចិត្តផ្តល់ឈាម ក្លឹបនៃក្តីស្រទ្បាញ់ នឹងអាចស្វែងរកឈាមប្រមាណ ៥០ប្លោក ក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ជូនមន្ទីរពេទ្យខេត្តព្រះវិហារ។
ឯកឧត្តមក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ប្រសិនបើមាន ចំណាប់អារម្មណ៍ ចង់ធ្វើការផ្តល់ឈាមនោះអាចអញ្ជើញទៅធ្វើការផ្តល់ឈាម នៅមន្ទីរពេទ្យ បង្អែក១៦មករា អត្ថប្រយោជន៍នៃការបរិច្ចាកឈាម គឺជាផ្នែកមួយនៃការលើកកម្ពស់មនុស្សធម៌ ក្រោមពាក្យស្លោក« ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ »។