កំពង់ធំ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យនិងរៀបចំទីតាំងចំនួន ២កន្លែង ដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ទីតាំងទី១ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យទីតាំងនៅស្តាតថ្មី ភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រៀបចំពូជស្រូវ និងស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋជិត៧០០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ក្នុងខេត្តកំពង់ធំ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានសំណេះសំណាលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងការច្រកស្រូវពូជ និងស្បៀងអាហារ.ការពារទឹកភ្លៀងដើម្បីឲ្យមានសុវត្ថិភាពត្រៀមទុកជូនបងប្អូនប្រជាពលរដ្ឋ។
ទីតាំងទី២ នៅភោជនីយដ្ឋាន ឡូវ គឹមសេង ស្ថិតនៅក្រុងស្ទឹងសែន សម្តេចតេជោ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្ត។