កំពង់ចាមៈ នៅព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល អបអរសាទរ ខួបទី ១១ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាលនែរដ្ឋបាលខេត្ត ។ សមាសភាព ដែលបានចូលរួមក្នុងឱកាសនោះ មាន លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ឯកឧត្តមអនុប្រធានសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានក្រុមការងារកាកបាទក្រហមកម្ពុជា មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំង បងប្អូន ជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលបុត្រ ស្ត្រីមានកូនតូច និង ស្ត្រីក្នុងវ័យបន្តពូជ សរុបចំនួន ១៥៨នាក់ ។
អង្គពិធីទាំងមូល បានតាមដានស្តាប់ដោយយកចិត្តទុកដាក់ នូវខ្លឹមសារទាំងស្រុង នៃ សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលផ្ញើជូន បងប្អូន ជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបាន អានដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធាន ក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ សាខា ។មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ ២ឆ្នាំ ។ ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើត ជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ និងមានសុខភាពល្អ ។ ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ពីមេរោគកូវីដ ១៩ នោះ, ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា របស់ក្រសួងសុខាភិបាល អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ បានផ្តល់ជូន ស្រ្តីដែលបានចូលរួម ១០០ នាក់ , ម្នាក់ ៗ ទទួលបាន ៖ មីជាតិ ១កេស, ឃីត ១កញ្ចប់, ស្ករស ១គ.ក. ទឹកដោះខាប់ ១កំប៉ុង, ម្សៅលាបខ្លួនទារក ១ដប, សាប៊ូដុសខ្លួនទារក ១ដប, ខោទឹកនោមទារក ១យួរ និងថវិកា ២០,០០០ រៀល ក្នុងនេះ ស្ត្រី ១នាក់ ដែលត្រូវឪពុកបង្កើតចាប់រំលោភមានផ្ទៃពោះ ៧ខែ ផ្តល់ជូនបន្ថែមទឹកប្រាក់ចំនួន ២០០,០០០ រៀល ។
ក្នុងឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា និង លោកជំទាវ ប៉ាង ដានី ក៏បានបន្ត អញ្ជើញចុះសួរសុខទុក្ខ អ្នកជម្ងឺជាស្ត្រីទើបសម្រាលកូន កំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្ត ចំនួន ៧៨នាក់ ដោយបានឧបត្ថម្ភជូន ក្នុង ម្នាក់ៗ នូវទឹកប្រាក៎ ៥០,០០០រៀល ផងដែរ ៕