វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣

ខេត្តព្រះវិហារ÷នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បាន រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងបរិវេណវត្តទួល បល្ល័ង (ហៅវត្តខ្យង) ស្ថិតនៅក្នុង ភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា វេទិកានាពេលនេះ ធ្វើឡើងក្នុងគោល បំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បាន បញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ ស្ដែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ មានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ សំណូមពរដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលម្អក្នុងសហគមន៍ របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានជម្រាបជូនអំពីការងាររបស់ក្រុមប្រឹក្សាខេត្ត និងគណៈកម្មាធិការនានា ព្រមទាំងរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាន នាពេលកន្លងមក ដែលមានដូចជា៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យជាអាទិភាពនានា ។ បន្ថែមពីនេះ ឯកឧត្តម បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ គ្រប់លទ្ធផលសកម្មភាពទាំងអស់ មានការវិវត្តន៍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានល្អ ដោយ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ។

ចូលរួមមតិក្នុងអង្គវេទិកាផ្សព្វផ្សាយនាពេលនោះ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ បានលើកឡើងអំពី បញ្ហាមួយចំនួនដូចជា៖ បញ្ហាតម្លៃស្រូវលើទីផ្សារ បញ្ហាបណ្តាញអគ្គិសនី ស្ពាន ផ្លូវថ្នល់ ដែលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង ការប្រើប្រាស់ដីធ្លី ព្រៃឈើ ការផ្ដល់ សេវាសុខភាព អនាម័យនៅក្នុងមូលដ្ឋានជាដើម ។

បញ្ហាទាំងអស់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង ត្រូវបានស្រាយបំភ្លឺ និងសម្របសម្រួលពីមន្ត្រី ជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពជាមួយប្រជាពលរដ្ឋ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *