កំពង់ធំ៖ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជួសជុលផ្លូវ.ស្ពានដែលបានលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀង. និងធ្វើផ្លូវចាក់កៅស៊ូ ដាក់លូ ការស្នើសុំចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ។ការស្នើសុំនេះត្រូវបានប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិការសាធារណះរបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ.ដែលធ្វើឡើងនៅស្រុកកំពង់ស្វាយកាលពីថ្ងៃម្សុិលមិញ។
ឯកឧត្តម ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបានបញ្ជាក់ប្រាប់ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ថាគោលបំណងរបស់វេទិការនេះគឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមកនិងធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយនិងបន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។ឯកឧត្តម ឈុន ឈុន បានថ្លែងនៅក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២នេះក្នុងពិធីនេះមានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សមជិកក្រុមប្រឹក្សា អភិបាលរងខេត្តកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងតំណាងប្រជាពលរដ្ឋជាង៣០០នាក់ផងដែរ ។
ឯកឧត្តម ឈុន ឈុន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយឲ្យចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។
ឯកឧត្តម ងួន រតនៈ បានលើកឡើងថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវពន្យល់ប្រជាពលរដ្ឋរបស់យើង ឲ្យយល់អំពីភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ភាពរាំងស្ទះដោយសារជំងឺកូវីដ ១៩ ត្រូវយកថវិការសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស មកទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ ដែលមានជីវភាពខ្វះខាត គ្រួសារក្រ១ ក្រ២ ដែលត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ មិនព្រងើយកន្តើយនោះទេ ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខូចខាតដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រតនៈ បានជំរុញដល់មន្ទីរជំនាញនិងអ្នកពាក់ព័ន្ធធ្វើការពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាពរដ្ឋ ជាមួយគ្នានេះឯកឧត្តមនឹងធ្វើការតាមដានលើការដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត ។