ឃាត់បុរស២នាក់ ពាក់ព័ន្ធករណីរំលោភលើក្មេងស្រីជាអនីតិជនម្នាក់ នៅស្រុកលើកដែក

កណ្តាល ៖ បុរសជាមន្ត្រីសាលាស្រុកម្នាក់ និង បុរសជនជាតិវៀតណាមម្នាក់ ចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃទី ២៥ ខែ តុលា  ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើសកម្មភាពរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទង លើជនរងគ្រោះជាអនីតិជនម្នាក់ ជាបន្តបន្ទាប់កាលពីពេលថ្មីៗកន្លងទៅនេះ ។សមត្ថកិច្ចនិយាយនាថ្ងៃទី ២៥ខែ តុលា ឆ្នាំ២០២២ថា ជនរងគ្រោះ ភេទស្រី អាយុ១៤ឆ្នាំ  រស់នៅភូមិអំពិល ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ចំណែកជនសង្ស័យ ០៤ នាក់រួមមាន ១-ឈ្មោះ ម៉ន សិលា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មន្ត្រីសាលាស្រុកលើកដែក ទីលំនៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក  ,២- ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែក, ៣-ឈ្មោះ រតនា ស្រីនាថ ភេទស្រី អាយុ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក និង ៤-ឈ្មោះ  គាង គន្ធា ភេទស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ទូរសព្ទដៃចំនួន៣គ្រឿង (ម៉ាកsamsung ១គ្រឿង,ម៉ាក oppoមួយគ្រឿង ទូរស័ព្ទទាំងពីរគ្រឿងនេះជារបស់ជនសង្ស័យនិង ម៉ាក iPhone x មួយគ្រឿង ជារបស់ជនរងគ្រោះ ។

សមត្ថកិច្ចបន្តថា នៅប្រហែលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៊ាំអីជាមួយពូឈ្មោះ សិលា នៅត្រើយខាងកើតក្នុងហាងឈ្មោះ« អមតៈ »ហើយស្រីនាថនិងឈ្មោះសិលាបានបង្ខំក្មេងស្រីរងគ្រោះឱ្យផឹកស្រាបៀរ រហូតដល់ស្រវឹង ហើយនិយាយប្រាប់ក្មេងស្រីរងគ្រោះថា«នឹងជូនត្រឡប់មកផ្ទះវិញ»។

តែបែរជាជូនក្មេងស្រីរងគ្រោះចូលផ្ទះសំណាក់ឈ្មោះ« វិសាល រង្សី »នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ហើយឈ្មោះសិលាបានគ្រៀកក្មេងស្រីរងគ្រោះ ចូលក្នុងបន្ទប់ហើយឈ្មោះសិលាបានផ្ដួលក្មេងស្រីរងគ្រោះទៅលើពូកនិងធ្វើសកម្មភាពរំលោភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។

សមត្ថកិច្ចបន្តថា បន្ទាប់មកប្រហែលជា ០២ទៅ ០៣ ថ្ងៃក្រោយមកឈ្មោះសិលា ក៏បានហៅតាមទូរសព្ទមកស្រីនាថ ឱ្យបបួលស្រីនាថនិងក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង អមតៈ ទៀត។បន្ទាប់មកឈ្មោះសិលា ក៏ជូនក្មេងស្រីរងគ្រោះទៅផ្ទះរបស់គាត់ដោយបម្រុងចាប់រំលោភក្មេងស្រីរងគ្រោះម្ដងទៀត តែក្មេងស្រីរងគ្រោះបានរត់ពួន ក្រោមសាឡុង។ពេលនោះឈ្មោះ សិលាក៏ងាកទៅរកស្រីនាថវិញ ដោយស្រីនាថយល់ព្រមជាមួយឈ្មោះសិលា ហើយឈ្មោះសិលាបានជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះស្រីនាថវិញ នៅម៉ោងប្រហែល ០៣ ទៀបភ្លឺ។

ប្រហែលមួយសប្តាហ៍ក្រោយមកស្រីនាថបានបបួលក្មេងស្រីរងគ្រោះថា ទៅភ្នំពេញដើម្បីរកការងារធ្វើតែស្រីនាថនិយាយថា ទៅហាងផឹកស្ព្រាយ សិន ,បន្ទាប់ពីផឹកអស់ ០២ ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថា វិលមុខ ហើយឈ្មោះសិលាក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ដោយក្មេងស្រីរងគ្រោះមើលទៅដូចជាផ្ទះសំណាក់។

សមត្ថកិច្ចបន្តទៀតថា ពេលនោះឈ្មោះអ៊ុក ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ហើយនិយាយថា សុំមួយសុំមួយតែក្មេងស្រីរងគ្រោះមិនព្រម រួចឈ្មោះ ទឹង ក៏បានចាប់បង្ខំនិងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។

បច្ចុប្បន្នករណីខាងលើនេះ សមត្ថកិច្ចផ្នែកកំពុងកសាងសំណុំរឿងដើម្បីចាក់ការតាមនិតិវិធី៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *