មួយថ្ងៃលួច៣ដងត្រូវកម្លាំងអាវុធហត្ថចាប់វាយខ្នោះ

បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់មួយថ្ងៃលួច៣ដងត្រូវកម្លាំងអាវុធហត្ថចាប់វាយខ្នោះ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២៤ខែតុលា ឆ្នាំ២០២២។

លោកវរសេនីយ៍ត្រី  យ៉ាន់  សុវណ្ណ  មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ ណ បានឲ្យដឹងថា៖ ជនសង្ស័យទី១.ឈ្មោះ ចាន់ធី វិសា ហៅ  បឹប ភេទប្រុស អាយុ ១៧ឆ្នាំ ទី២.ឈ្មោះ  កែវ ចាន់ជូ  ហៅ  ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅមិនពិតប្រាកដ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា៖ ជនសង្ស័យទាំងពីរនាក់នេះ មួយថ្ងៃលួច៣ដង ដែលលួចលើកទី១ នៅវេលាម៉ោង១.៥០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ  1A-6872 ចំនួន០១គ្រឿង នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លួចលើកទី២ នៅម៉ោង២០.០០នាទី ក្រុមជនសង្ស័យខាងលើក៏បានជិះម៉ូតូដែលលួចបានធ្វើដំណើរទៅក្រុងប៉ោយប៉ែត បានចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់គេតាមទាន់ ទើបជនសង្ស័យទាំងពីររត់ចោលម៉ូតូខាងលើ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្ថែមថា ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពលួចជាលើកទី៣ នៅអំឡុងម៉ោង២២យប់ថ្ងៃដដែល បានធ្វើសកម្មភាពធាក់ផ្តាច់សោរ.ក លួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ  1W-8683 នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួចជិៈត្រឡប់ទៅក្រុងសិរីសោភ័ណវិញត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត។  ចំណែកវត្ថុតាងម៉ូតូចំនួន២គ្រឿង  ត្រូវបានកម្លាំងអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ៕ដោយ៖ សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *