(ភ្នំពេញ) ទីចាត់ការហ្វឹកហ្វឺន អគ្គមេបញ្ជាការនៃ ខ ភ ម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺនកងយោធពលខេមរៈភូមិន្ទឆ្នាំ ២០២១ កាលពីព្រឹកថ្ងៃទី ១៩ ខែគុម្ភះ ឆ្នាំ ២០២១នេះ នៅសាលប្រជុំធំរបស់អគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃ ខ ភ ម ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ សុភក្ត្រា បានគូសបញ្ជាក់ក្នុងសន្តរកថាស្វាគមន៍និងរបាយការណ៍ថា ក្នុងរយៈពេលមួយឆ្នាំ ២០២០កន្លងមកនេះ ការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ក្នុងភារកិច្ចបណ្ដុះបណ្ដាលធន់ធានមនុស្សដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងពង្រីកសមត្ថភាព វិជ្ជាជីវៈ ឆ្លើយតបទៅនឹងភារកិច្ចចំពោះមុខស្របតាមយុទ្ធសាស្ត្រការពារជាតិ សកម្មភាពហ្វឹកហ្វឺន ត្រូវបានដំណើរការបើកទូលាយដល់បណ្ដាកងឯកភាពបណ្ដាលសាលា ស្ថាប័នគ្រប់ថ្នាក់ គ្រប់ជំនាញអនុវត្តតាមផែនការកំណែទម្រង់ និងម្ចាស់ការច្នៃប្រឌិតចាត់តាំងហ្វឹកហ្វឺននៅហ្នឹងកន្លែងដើម្បីលើកកម្ពស់សមត្ថភាពដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការបំពេញភារកិច្ចតាមមុខតំណែងដែលបានប្រគល់ឱ្យ ។ ទន្ទឹមគ្នានេះដែរ មានវគ្គបណ្ដុះបណ្ដាលតាមសាលាមួយចំនួន បានចាត់តាំងសិក្ខាកាមចេញទៅអនុវត្តជាក់ស្ដែងនៅតាមបណ្ដាកងឯកភាពនៅទិសបណ្ដាយោធភូមិភាគ ចុះអនុវត្តតាមមន្ទីរពិសោធន៍ ការចាត់តាំងបាញ់គ្រាប់ពិត ហើយនិងវគ្គសិក្សាខ្លះក្រោយពេលបញ្ចប់វគ្គបានបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមទង់អង្គការសហប្រជាជាតិ ដើម្បីប្រតិបត្តិការរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌ ។ ក្រៅពីការងារហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទបានចូលរួមគ្រប់សកម្មនៃពិធីបុណ្យនានាតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល នឹងសហការជាមួយគណៈកម្មាធិការបុណ្យជាតិ អន្តរជាតិ ក្នុងការរៀបចំពិធីបុណ្យជាតិធំៗនឹងទទួលគណៈប្រតិភូជាន់ខ្ពស់ គ្រប់បណ្ដាប្រទេសមួយចំនួនដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ ។ របាយការណ៍ក៏បានលើកឡើងផងដែរថា ឆ្លងកាត់ការអនុវត្តជាក់ស្ដែងក្រោមការដឹកនាំ នឹងដាក់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ គណៈកម្មាធិការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បណ្ដាលសាលា កងឯកភាព បានយកចិត្តទុកដាក់ធ្វើការរៀបចំផែនការ កម្មវិធី ខ្លឹមសារ ពេលវេលាហ្វឹកហ្វឺន ត្រូវបានដំណើរការជាប់ជាប្រចាំទាំងប្រព័ន្ធហ្វឹកហ្វឺនសាលា និងប្រព័ន្ធហ្វឹកហ្វឺនតាមកងឯកភាព ដោយបណ្ដុះបណ្ដាលរយៈពេលវែង នឹងបំប៉នរយៈពេលខ្លី ដោយសម្រេចបានលទ្ធផលជោគជ័យ ។ មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ បានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការល្អ របស់មេបញ្ជាការ គ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាពចំណុះឲ្យអគ្គមេបញ្ជាការនៃ ខ ភ ម ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានយកអស់ពីកម្លាំងកាយចិត្តបំពេញការងារបំរើជាតិ ប្រជាជន ការពារជាតិ ទឹកដី បានយ៉ាងរឹងមាំ ពិសេសបានយកចិត្តដាក់ក្នុងការបន្តបង្កើនសកម្មភាពការងារហ្វឹកហ្វឺន បង្កើនសមត្ថភាពឱ្យដល់កងទ័ពរបស់ខ្លួន ។ តាមរយៈនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០២០ និងផ្សាព្វផ្សាយផែនការហ្វឹកហ្វឺន ខ ភ ម នាថ្ងៃនេះ ឯ.ឧ ឥត សារ៉ាត់ បានលើកឡើងថា ដើម្បីអនុវត្តឲ្យបានជោគជ័យ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសដើម្បីធ្វើឲ្យយោធិនគ្រប់រូបមានសមត្ថភាពបំពេញការងារសម្រេចបានជោគជ័យ គណៈកម្មការដឹកនាំការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរៈភូមិន្ទ ត្រូវមានគោលការណ៍ដឹកនាំ ក្នុងការជំរុញការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលនិងបំប៉នយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ តាមបណ្ដាសាលា កងឯកភាព តាមសន្ទស្សន៍ និងសេចក្តីត្រូវការរបស់កងយោធពលខេមរៈភូមិន្ទ ដោយលើកកម្ពស់ ម្ចាស់ការទទួលខុសត្រូវខ្លួនឯង និងធានាគុណភាពខ្ពស់ ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំទាំងអស់ក៍ត្រូវបន្តកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនសាលា របស់កងយោធពលខេមរភូមិន្ទឲ្យបានសមស្របនិងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង ស្របតាមរចនាសម្ព័ន្ធរបស់កងយោធពលខេមរៈភូមិន្ទ ដូចជាយកចិត្តទុកដាក់ ពង្រីកសាលាកងទ័ពជើងទឹក ឲ្យទៅជាវិទ្យាស្ថានកងទ័ពជើងទឹក ជំរុញបង្កើតសាលាទ័ពជំនាញ ដូចជាសាលាទ័ពជំនាញរថក្រោះ សាលាទ័ពជំនាញការពារអាកាស និងសាលាទ័ពជំនាញកាំភ្លើងធំ ដែលត្រូវសិក្សារយៈពេល ៤ឆ្នាំ នៅជុំគីរី ខេត្តកំពត ។ បន្តជម្រុញកងឯកភាព និងជំនាញមួយចំនួន ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារជាតិ ជាពិសេសអង្គភាពឈរជើងតាមបន្ទាត់ព្រំដែន ការកសាងមូលដ្ឋានសាលា ឲ្យមានទីតាំងពិតប្រាកដ ទាំងការិយាល័យធ្វើការងារ អាគារស្នាក់នៅ អាគារសិក្សា ផ្ទះបាយ និងទីលានហ្វឹកហាត់ជាដើម ។ ឯកឧត្តម បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំទាំងអស់ក៍ត្រូវជំរុញលើកទឹកចិត្ត និងយកចិត្តទុកដាក់បំប៉នយោធាចារ្យ ឲ្យមានសមត្ថភាពក្នុងការបំពេញការងារ និងបណ្ដុះបណ្ដាលយោធាចារ្យវ័យក្មេងបំពេញបន្ថែមតាមសេចក្តីត្រូវការជាក់ស្ដែង ត្រូវយកចិត្តទុកដាក់និងពង្រឹងគុណភាពហ្វឹកហ្វឺន វគ្គហ្វឹកហ្វឺន ហ្នឹងសាលា ឲ្យមានគុណភាពខ្ពស់ បន្តជំរុញការរៀបចំឯកសារសម្រាប់ហ្វឹកហ្វឺនដល់កងយោធពលខេមរៈភូមិន្ទ ជាពិសេសត្រូវកែសម្រួលឯកសារ យុទ្ធវិធីឲ្យស្របតាមយុទ្ធសាស្ត្រការពារជាតិ និងកែសម្រួលឯកសារមួយចំនួនឱ្យបានឯកភាពគ្នា ដូចជាឯកសារការងារសេនាធិការ សញ្ញាសំគាល់យោធា លំហាត់របៀប ជាដើម ។ ជាមួយគ្នានេះដែរ ក៍ត្រូវយកចិត្តទុកដាក់រៀបចំចងក្រងឯកសារប្រវត្តិសាស្ត្រ បទពិសោធន៍ការងារ បទពិសោធន៍ប្រយុទ្ធ និងប្រវត្តិស្នាដៃឆ្នើមក្នុងការដឹកនាំរបស់យោធិនជាន់ខ្ពស់ ក្នុងកងឯកភាពកងយោធពលខេមរៈភូមិន្ទ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកឲ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តសហការជាមួយបណ្ដាប្រទេសជាមិត្ត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងជួរកងយោធពលខេមរៈភូមិន្ទ ដោយត្រូវរៀបចំកសាងមូលដ្ឋានសាលា នឹងដំណើរការហ្វឹកហ្វឺន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយស្ថាប័នជាតិ អន្តរជាតិ ស្វែងយល់អំពីច្បាប់ជាតិ និងអន្តរជាតិ គ្រោះមហន្តរាយ និងរោគរាតត្បាត ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ ឲ្យបន្តប្រពៃណី ស្នាដៃដ៍ល្អនេះបន្តទៀត ពិសេសត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពការងារហ្វឹកហ្វឺនលើគ្រប់ជំនាញឲ្យកងទ័ព កាន់តែមានសមត្ថភាព យកចិត្តទុកដាក់ជំរុញការងារអប់រំចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយ ពលទាហានកាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបំរើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាយើង ។