សៀមរាបៈ ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះនិងអភិរក្ស។
អាជ្ញាធរជាតិអប្សរា បានជម្រាបនិងដំណឹងដល់សាធារណជនទាំងអស់ឱ្យបានដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបិទការចេញចូលនៅខ្លោងទ្វារនោះបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុលប្រាសាទបុរាណដ៍វ័យចំណាស់នេះឡើងវិញ។ការជួសជុលនេះ ត្រូវបានសហការជាមួយវិស័យឯកជន ដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានបន្ថែមថា នៅថ្ងៃទី២១ខែកុម្ភៈខាងមុខនេះ អ្នកជំនាញចាប់ផ្ដើមជួសជុលក្លោងទ្វារប្រាសាទតាកាវនេះ ដែលទទួលបានថវិកាពីសឲប្បុរសជន ។អាជ្ញាធរសង្ឃឹមថាសាធារណជនទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា។ សូមជ្រាបថា កាលពីខែមេសាឆ្នាំ២០២០កន្លងមក អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកាដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លាអាមេរិក ដើម្បីជួសជុលក្លោងទ្វារចូលបរិវេណក្រុងអង្គរធំពីខាងលិច ឬហៅថា ក្លោងទ្វារតាកៅ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេលដែលអគ្គនាយិការូបនោះ ទស្សនាសមិទ្ធផលដែលខ្លួនបានជួយជួសជុលកម្លងមក រួមមានប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ ជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរ។ លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអោយដឹងថា ការឧបត្ថម្ភថវិកានេះ ដើម្បីលើកស្ទួយវប្បធម៌ជាតិ និងដើម្បីអភិរក្សបេតិកភណ្ឌជាតិអោយកាន់តែមានសោភណ្ឌភាពស្រស់ស្អាតឡើងវិញ និងធ្វើអោយមានការទាក់ទាញអ្នកទេសចរណ៍ចូលទស្សនាប្រាសាទបុរាណ៕ដោយ តាំង ហូ