ស្នងការនគរបាលខេត្តកំពង់ធំ-បានដាស់តឿនដល់ថ្នាក់ដឹកនាំនគរបាលខេត្តទាំងអស់ត្រូវធ្វើជាគំរូល្អនិងចេះចែករំលែកដល់មន្ត្រីថ្នាក់ក្រោម

កំពង់ធំៈ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានដាស់តឿនដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងអស់ត្រូវធ្វើជាគំរូល្អនិងចេះចែករំលែកដល់មន្ត្រីថ្នាក់ក្រោម

លោកស្នងការបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្កិដល់មន្ត្រីនគរបាលជាតិខេត្តកំពង់ធំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំប្រមាណជាង ៥០០ នាក់ នៅថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២១នេះ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី  បានអបអរសាទរដល់មន្ត្រីនគរបាលដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្តិ ត្រូវតែខិតខំបម្រើអង្គភាពនិងប្រជាពលរដ្ឋឲ្យបានល្អបំផុតជាពិសេសត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបានបន្តទៀតថា ក្រោយមើលឃើញថាក្នុងរយៈពេលចុងក្រោយទោះបីជាស្ថានភាពបទល្មើសមានការថយចុះក៏ដោយមន្ត្រីនគរបាល ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតួនាទី ភារកិច្ច តាមឋានានុក្រម មានវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារណ:សុវត្ថិភាពសង្គមជូនប្រទេសជាតិប្រកបដោយប្រសិទ្ឋភាពខ្ពស់ ដោយជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់មូលដ្ឋាននានាឱ្យចំគោលដៅ ស៊ីជម្រៅដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានជំរុញថ្នាក់ដឹកនាំនិងកងកម្លាំងអធិការដ្ឋាននគរបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារត្រូវធ្វើយ៉ាងណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុសត្រូវសម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសការងារដែលបញ្ជារពីស្នងការដ្ឋាននគរបាលខេត្តដល់ប៉ុស្តិ៍នគរបាលក្នុងការទទួលខុសត្រូវ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា៕

លោកឧត្តមសេនីយ៍ទោស្នងការបានថ្លែងសង្កត់ធ្ងន់ថាកងកម្លាំងត្រូវចូលរួមដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ សមធម៌ តម្លាភាព ការពង្រឹងវិធានការជំនាញសំដៅធ្វើយ៉ាងណាបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទមិនឲ្យកើតមានឡើងក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ថែរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខុដុមរមនា បង្កើនការផ្តល់សេវាសាធារណ: ជាពិសេសការងារអត្តសញ្ញាណកម្ម ដើម្បីពន្លឿនប្រសិទ្ធិភាពការងារ រហ័សបានទាន់ពេលវេលា  ជូនប្រជាពលរដ្ឋ ។

ជាកងកម្លាំងត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ សុជីវធម៌ របស់កងកម្លាំងនគរបាលជាតិ រួមទាំងការស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យសាកសមជាមន្ត្រីនគរបាលជាតិធ្វើជាគំរូល្អក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅថែរក្សាបានអាយុជីវិតទ្រព្យសម្បត្តិ ។

លោកស្នងការបានផ្ដាំផ្ញើដល់អធិការក្រុង ស្រុក និងមេប៉ុស្តិ៍ទាំងអស់ដែលចូលរួមទីនេះទៅដល់មូលដ្ឋានវិញត្រូវចេះសហការគ្នាអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យអង្គភាពរបស់ខ្លួនមានការរីកចម្រើនត្រូវចេះជួយការពារប្រជាពលរដ្ឋរាល់ការលំបាកសុខទុក្ខរបស់គាត់ ចុះតាមដានជាប្រចាំនៅតាមភូមិឃុំចុះផ្សព្វផ្សាយ ពីសុខសុវត្ថិភាពដល់ប្រជា ពលរដ្ឋ ពិសេសបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗ ហើយត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋដែលនៅក្នុងតំបន់មូលដ្ឋានជំរុញនិងលើកទឹកចិត្តនូវអ្វីដែលគាត់ខិតខំប្រឹងប្រែង។

គួបញ្ជាក់ថា នគរបាលខេត្តកំពង់ធំ មានចំនួន ៥៨២ នាក់ ក្នុងនោះផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន ២១៥ នាកនិងតម្លើងឋានន្តរស័ក្តិចំនួន ៣៦៧ នាក់ ។ ១.ថ្នាក់អនុសេនីយ៍ឯកចំនួន១៨១  នាក់២.ថ្នាក់អនុសេនីយ៍ទោចំនួន ១១៣  នាក់ ៣.ថ្នាក់អនុសេនីយ៍ត្រីចំនួន ៥៧ នាក់ ៤.ថ្នាក់ព្រិន្ទបាលចំនួនឯក ១៦  នាក់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *