ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ

ក្រចេះ៖រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោក អ៊ូ សុបុណ្ណា ជាប្រធានគណៈកម្មាធិការសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ ជំនួសឯកឧត្តម លន់ សុផាត ដែលត្រូវផ្លាស់ប្តូរភារកិច្ច ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ បានចុះអនុវត្តផ្ទាល់ក្នុងការដោះស្រាយដូចជា៖ ការស្រាវជ្រាវរកមុខសញ្ញាអតីតយុទ្ធជន ការផ្តល់ដីលំនៅឋាន ផ្ទះ និងដីកសិកម្ម ការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អតីតយុទ្ធជន ការតបណ្តាញអគ្គិសនី ការសាងសង់អណ្តូងទឹក និងការឧបតម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ព្រមទាំងការផ្តល់នូវគោលនយោបាយផ្សេងៗទៀត សំដៅដោះស្រាយរាល់ការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន មានប្រសាសន៍ថា ក្នុងនាមជាប្រធានសមាគម ត្រូវឧស្សាហ៍ចុះសួរសុខទុក្ខបងប្អូនជាសមាជិកអតីតយុទ្ធជន ផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃ បើទោះបីជាអំណោយដែលផ្តល់ទៅ តិចតួចក្តី តែនេះបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ពីអាណាព្យាបាលដើម្បីបង្កើនភាពស្និតស្នាលរវាងអ្នកចាស់និងអ្នកថ្មី និងរវាងក្មេងនិងមនុស្សចាស់ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនោះដែរ ដើម្បីដឹងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម  វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភនូវថវិការមួយចំនួនសម្រាប់បុណ្យភ្ជុំបិណ្ឌផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *