កំពង់ស្ពឺ៖ លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺបានលើកឡើងថា សាលាដំបូងខេត្តកំពង់ស្ពឺទើបតែបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលសេសសល់ក្នុងអាណត្តិដឹកនាំប្រធានសាលាដំបូងចាស់ដោយជោគជ័យ។ប៉ុន្តែសំណុំរឿងស៊ើបសួរនៅសាលាដំបូងខេត្តកំពង់ស្ពឺនាពេលនេះនៅសល់៥៩៩សំណុំរឿងទៀតកំពុងចាត់ការ គ្រាដែលខេត្តមួយនេះមានកង្វះខាតចៅក្រមនិងក្រឡាបញ្ជី។ការលើកឡើងនេះធ្វើឡើងនៅសាលាដំបូងខេត្តកំពង់ស្ពឺថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ ក្រោមអធិបតីភាពលោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
លោក ឡុង កេសភីរម្យ បានបញ្ជាក់ថាថ្វីត្បិតតែសំណុំរឿងស្ថិតក្នុងដៃចៅក្រមស៊ើបសួរច្រើន ហើយអ្នកអនុវត្តនីតិវិធីតិច តែសំណុំរឿងស៊ើបសួរក៏ត្រូវបានដោះស្រាយតាមយន្តការច្បាស់លាស់និងម៉ឺងម៉ាត់ ស្របតាមច្បាប់ជាធរមានដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អពីមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធជាមន្ត្ត្រីនគរបាលយុត្តិធម៌ដែលជាមន្ត្រីអនុវត្តច្បាប់ ដើម្បីធានាឱ្យមានកិច្ចដំណើរការល្អដល់អង្គតុលាការនិងអង្គអយ្យការក្នុងការលើកកម្ពស់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពនិងឆាប់រហ័សធានាក្នុងការផ្តល់យុត្តិធម៌លើរឿងក្តីគ្រប់ប្រភេទ បង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋនិងរួមចំណែកពង្រឹងសុវត្ថិភាពសង្គម សំដៅចូលរួមចំណែកលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការបម្រើសេវាយុត្តិធម៌ឱ្យបានល្អប្រសើរក៏ដូចរួមចំណែកកាត់បន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារផងដែរ។
លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញបានលើកឡើង ថាៈ កិច្ចប្រជុំ នេះ ធ្វើឡើង ក្នុង គោលបំណង បន្ដ ពង្រឹង កិច្ចសហការ ក្នុងការ អនុវត្ត ច្បាប់ រវាង មន្ដ្រីនគរបាល យុត្តិធម៌ និង សាលាដំបូងនិង អយ្យការ អម សាលាដំបូងខេត្តកំពង់ស្ពឺ និងជា ជំនួប ពិភាក្សា ស្វែងរក ដំណោះស្រាយ នានា ដើម្បី ធ្វើ យ៉ាង ណាឱ្យការបម្រើ សេវា យុ ត្តិ ធ ម៌ជូន ប្រជាពលរដ្ឋមានលក្ខណៈប្រសើរ ឡើង ស្រប នឹង នយោបាយ កំណែទម្រង់ ច្បាប់ និង ប្រព័ន្ធ យុ ត្តិ ធ ម៌ របស់ រាជរដ្ឋាភិបាល កម្ពុជា ។
ទន្ទឹមនិងការលើកឡើងនោះដែរ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអម សាលាឧទ្ធរណ៍ ភ្នំពេញ បាន ប្រាប់ទៅមន្ត្រីសាលាដំបូងដែលកំពុងដំណើរការស៊ើបសួរត្រូវពន្លឿនការស៊ើបសួរដើម្បីឈានទៅជំរះ។ធ្វើបែបនេះដើម្បីជៀសវាងការកកស្ទះសំណុំរឿង និងធ្វើឱ្យការឃុំខ្លួនជនសង្ស័យនៅពន្ធនាគារលើសនីតិវិធីតុលាការ។ជាមួយនេះដែរក្នុងនាមជាមន្ដ្រីនគរបាល យុត្តិធម៌ត្រូវអនុវត្ត តួនាទី របស់ខ្លួនឱ្យបាន ត្រឹមត្រូវតាមច្បាប់ ជា ធរមាន បើ ពុំ ដូច្នេះ ទេកិច្ច ដែល យើង ធ្វើ នឹង នាំឱ្យមាន មោឃភាពឬ ទទួលនូវ ទណ្ឌកម្ម វិន័យដែលមានការប្តឹងបកពីមេធាវីនៃជនសង្ស័យឬក៏ជនល្មើស។ពាក់ព័ន្ធ នឹង ការបង្ក្រាប បទល្មើស នានាក្នុង ដែនសមត្ថកិច្ច ចាំបាច់ ត្រូវ រាយការណ៍ មក ព្រះរាជអាជ្ញា ជាបន្ទាន់ ហើយ ព្រះរាជអាជ្ញា មាន សិទ្ធិអំណាចក្នុងការ បញ្ជា ឱ្យ មន្ត្រីនគរបាល យុត្តិធម៌នៃ អង្គភាព ណាមួយ ដែល គាត់ ទុកចិត្ត ឱ្យទៅ បង្រ្កាប បទល្មើសនោះ។