ខេត្តកណ្ដាល សូមមើលខ្លឹមសារការបកស្រាយរបស់នាយកសាលាវិទ្យាល័យសិរីភាពដូចតទៅ
-តាមការបកស្រាយរបស់លោក ម៉ម សុធានី នាយកវិទ្យាល័យហ៊ុនសែន សេរីភាព នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា វេលាម៉ោងប្រមាណ៩.០០នាទី មានសិស្សថ្នាក់ទី១២ មួយចំនួន បាននាំគ្នាចុះហត្ថលេខា គូសវាសលើអាវមិត្តភ័ក្ដិ របស់គេទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ។ ខ្ញុំបាទបានឱ្យលោកនាយករង
ប្រកាសតាមមេក្រូអញ្ជើញសិស្សទាំងនោះមកប្រជុំនៅដងទង់ជាតិ និងបានណែនាំ ពីសីលធម៌ដល់សិស្សទាំងនោះឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
-លោក មឿន សំអូន នាយករងវិទ្យាល័យ គាំទ្រប្រសាសន៍របស់លោកនាយកទាំងស្រុង ព្រោះនៅក្នុងព្រឹត្តិការណ៍ទាំងអស់គ្នា។
ដោយបន្ថែមថា ថ្ងៃនេះសិស្សថ្នាក់ទី១២ បានចូលរៀនវិញ ក្រោយពីការប្រឡងឆមាសទី២ចប់។ នាំគ្នាគូសវាសប្រសេចប្រសាច លើអាវគ្នាគេ លោកគ្រូអ្នកគ្រូ ចូលបង្រៀនមិនកើត ហើយត្រឡប់មកទីចាត់ការវិញ ។ ខណៈដែលកំពុងតែអប់រំ នៅមានសិស្សមួយចំនួនតូច បន្តគូសលើអាវ ដោយផ្គើនទៅនឹងការ ណែនាំរបស់លោកនាយក។ នៅពេលនោះ លោកនាយកបានទះស្មាសិស្សស្រីម្នាក់ និងចាប់ទាញសិស្សនោះចេញមកក្រៅជួរ ហើយក៏មានការប្រទាញប្រទង់គ្នា។
-លោក ស្រី ស្រឿន នាយករងវិទ្យាល័យ បានបន្ថែមថា៖ ជាក្ដីបារម្ភពន់ពេក ដោយពិនិត្យឃើញសកម្មភាពគូសវាសលើអាវយ៉ាងអាណាធិបតេយ្យរបស់សិស្សថ្នាក់ទី១២ បែបនេះ។
បន្ទាប់ពីកើតហេតុ គណៈគ្រប់គ្រងសម្រេចឃាត់សិស្សទាំងនោះឱ្យនៅក្នុងសាលាសិន ព្រោះអាវប្រឡាក់ ទៅដោយស្នាមហ្វឺត មិនសមរម្យ ហើយត្រូវឱ្យអាណាព្យាបាលយកអាវថ្មីមកប្ដូរទើបអនុញ្ញាតឱ្យចេញទៅផ្ទះ។ ហើយ រក្សាទុកអាវទាំងនោះបានចំនួន១ស្បោងធំ។
មន្ទីរពិនិត្យឃើញថា៖ក្រោយពីការបកស្រាយរបស់គណៈគ្រប់គ្រងសាលាទាំង៣រូប ករណីនេះពិតជាបានកើតឡើងដោយសារសិស្សថ្នាក់ទី១២នាំគ្នាគូសវាសលើអាវយ៉ាងអាណាធិបតេយ្យ ក្នុងម៉ោងសិក្សា។ តែទោះបីយ៉ាងនេះក្ដីមន្ទីរបានណែនាំ គណៈគ្រប់គ្រងមិនត្រូវប្រើហិង្សាលើសិស្សទោះក្នុងកាលៈទេសៈណាក៏ដោយ។
-ឆ្លើយតបនិងការបកស្រាយរបស់លោកនាយកសាលាសេរីភាព លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលបានបញ្ជាក់ថាមន្ទីរ បានណែនាំឱ្យគណៈគ្រប់គ្រង បន្តផ្សព្វផ្សាយអប់រំសីលធម៌ និងបទបញ្ជាផ្ទៃក្នុងសាលាដល់សិស្សគ្រប់ៗរូបឱ្យបានម៉ឺងម៉ាត់។
-ស្នើគណៈគ្រប់គ្រង អញ្ជើញមាតាបិតា និងសិស្ស ដើម្បីបកស្រាយបំភ្លឺករណីខាងលើឱ្យបានច្បាស់លាស់ ជៀសវាងការយល់ច្រឡំ។ដោយ ភាវុន