ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរ បាលខេត្ត កម្លាំងនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានធ្វើការរៀបចំក្បួន ចុះត្រួតពិនិត្យនៅតាមគោលដៅនីមួយៗ ជាពិសេសនៅតាមបរិវេណវត្តទាំង៣២ និងសាលាវិបស្សនា១ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅធ្វើបុណ្យទាន បោះបាយបិណ្ឌ និងដើរលេងនៅតាមរមណីយដ្ឋាននីមួយៗ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
បើតាមប្រភពព័ត៌មានពីលោក ឡាំ សំរិទ្ធ ស្នងការរងទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ចាប់តាំងពីវេណទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កងកម្លាំងនគរបាលស្នងការខេត្តទាំងអស់ ត្រូវបានបែងចែកទៅតាមគោលដៅនីមួយៗ ពោល គឺចុះការពារទាំងយប់ទាំងថ្ងៃ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូច ជាមកពីបណ្តាខេត្តនានាចូលមកធ្វើបុណ្យទានក្នុងខេត្តប៉ៃលិន។ លោកបន្តទៀតថា ដើម្បីចូលរួមទប់ស្កាត់ការអុកឡុកពីសំណាក់ ក្រុមក្មេងទំនើង ខណ:ដែលប្រជាពលរដ្ឋនាំគ្នាទៅធ្វើបុណ្យទាននេះ ខាងនគរបាលស្នងការខេត្ត សហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ព្រមទាំងប្រជាការពារភូមិ តែងតែចុះល្បាតនៅតាមតំបន់គោលដៅជាប់ជានិច្ចដូចភ្លៀងរលឹម ដើម្បីរាយការណ៍ជូនថ្នាក់លើ បើមានសកម្មភាពណាមួយមិនប្រក្រតី នឹងរាយការណ៍ជូនថ្នាក់លើភ្លាម រួចចុះទៅបង្ក្រាបទាន់ពេលតែម្តង។
លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ក្នុងវេណបិណ្ឌទី៤នៃពិធីបុណ្យកាន់បិណ្ឌ នៅតាមភូមិនានាក្នុងខេត្តប៉ៃលិន មិនទាន់មានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ សូម្បីតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬការរំខានពីក្រុមក្មេងទំនើងក៏អត់មានដែរ។ ដូច្នេះ ប្រជាពលរដ្ឋម្នាក់ៗ មានការសប្បាយរីករាយក្នុងការចូលរួមធ្វើបុណ្យទាន។
លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលនាំគ្នាធ្វើបុណ្យទានឱ្យមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺឆ្លង ដូចជាជំងឺកូវីដ១៩ ដោយត្រូវរក្សាគម្លាត ហើយត្រូវមានអនាម័យ អនុវត្តតាម វិធានការនានារបស់ក្រសួងសុខាភិបាលផងដែរ៕ ដោយ ៖ នីយ៉ា