ព្រះវិហារៈ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ប្រាក់សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាជាអធិបតីក្នុងពិធីអបសាទរទិវាជាតិសុខភាពមាតា និងទារក ២១ កុម្ភៈ ២០២១ ជាមួយបងប្អូនប្រជា ពលរដ្ឋចំនួន ៤៦ នាក់ នៅសាលប្រជុំមន្ទីរពេទ្យបង្អែក ១៦មករា និងបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីឆ្លង ទន្លេ និងរង់ចាំសម្រាលចំនួន ២៥នាក់។ ក្នុងឱកាសនោះដែរលោកជំទាវ ចឹក ហេង ក៏បានអានសារ លិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងការថែទាំសុខភាពម្ដាយនិងកូនក្នុងបរិបទ “រស់នៅធម្មតាតាមបែបកន្លងថ្មី“ ដោយមានខ្លឹមសារថា៖ ១-សូមឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពពិគ្រោះយោ បល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្ដាយទៅកូន ។ ២-សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលបានការបណ្ដុះ បណ្ដាលត្រឹមត្រូវ ។ ៣-សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ ។ ៤-បំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។ ៥-ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះ ថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជម្ងឺរាក ឬជម្ងឺផ្សេងទៀត និងយកទារកឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងគីឡូសោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។
ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំ ទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និង កុមានៅកម្ពុជា ។ ក្នុងនោះផងដែរលោកជំទាវ ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ: ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាង ណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ ឆ្ការព្រៃជុំវិញផ្ទះអោយបានស្អាត និងជាពិសេស ត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ ។ សម្ភារ:ផ្តល់ជូនស្ត្រីសម្រាលនិងរងចាំសម្រាលរួមមាន÷ មុង១ សារុង ១ ក្រមា១ ភួយ១ ពូកកូនក្មេង១ ខ្នើយ១ ខ្នើយអោប១ កន្សែង១ ខោអាវ ១កំប្លេរ ស្រោមដៃ/ជើង ២គូ មួក១ សាប៊ូ១ដុំ ថវិកាមួយចំនួន និងថវិកាជូនពេទ្យឆ្មបចំនួន ២០០,០០០រៀល៕