ខេត្តស្វាយរៀង៖អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងលេខ 057/22 ស ជ ណ ចុះថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2022 ក្រុមការងារចម្រុះសហការជាមួយអាជ្ញាធរស្រុកស្វាយជ្រុំកម្លាំងសមត្ថកិច្ចមានកម្លាំងនគរបាលកងរាជអាវុធហត្ថ បានចុះអនុវត្តវិធានការរដ្ឋបាលលើការដកហូតដីអាស្រ័យផលដែលជាដីសាធារណៈរបស់រដ្ឋសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហានទី 2 ក្នុងផ្ទៃដីអាងទឹកកំពង់ជ្រៃ ឃុំស្វាយធំ ស្រុកស្វាយជ្រុំនិងមានព្រំប្រទល់ជាប់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីធ្វើទំនប់អាងទឹកកំពង់ជ្រៃនេះដើម្បីរក្សាទឹកទុកសម្រាប់ប្រជាពលរដ្ឋទាញយកផលប្រយោជន៍ក្នុងការងារកសិកម្ម។
តាមប្រវត្តិនៃ អាងទឹកកំពង់ជ្រៃ នេះគឺស្ថិតនៅក្នុងភូមិសាស្ត្រនៃព្រំប្រទល់រវាងស្រុកស្វាយជ្រុំខេត្តស្វាយរៀងនិងស្រុកកំពង់ត្របែកខេត្តព្រៃវែង។អាងទឹកកំពង់ជ្រៃត្រូវបានរក្សាទឹកនិងសាងសង់ឡើងក្នុងអំឡុងនៃរបបខ្មែរក្រហម។ហើយបានស្ដារឡើងវិញដោយក្រសួងធនធានទឹកនិងឧតុនិយម ក្នុងឆ្នាំ 2008 ដើម្បីរក្សាទឹកសម្រាប់ការស្រោចស្របលើផ្ទៃដីប្រមាណ 10 482 ហិចតា ក្នុងនោះផ្ទៃប្រាំងប្រមាណ 788 ហិចតានិងផ្ទៃដីស្រែវស្សា ប្រមាណ 9694 ហិចតា និងត្រូវបានប្រជាពលរដ្ឋចាប់ផ្ដើមបង្កបង្កើនផលឡើងវិញរហូតដល់សព្វថ្ងៃនេះ។ផ្អែកតាមលទ្ធផលការសាងសង់និងការងារដោះស្រាយផលប៉ះពាល់ដោយសារអនុគម្រោងខាងលើរហូតដល់បច្ចុប្បន្ននេះឃើញថាអនុគម្រោងចំនួន 5 លើ 6 អនុគម្រោងត្រូវបានបញ្ចប់ទាំងស្រុង។ដោយឡែកចំពោះអនុគម្រោងសាងសង់ទំនប់សន្តរអាងទឹកកំពង់ជ្រៃនៅសេសសល់ការងារដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន 4 គ្រួសារលើ 467 គ្រួសារ ដែលមិនទាន់ឯកភាពលើអត្រាសំណងគោលនយោបាយនិងបង្កការរាំងស្ទះដល់ការសាងសង់ទំនប់សណ្ត ប្រវែង 103 ម៉ែត្រលើ 22 400 ម៉។
តាមការបញ្ជាក់ពីអាជ្ញាធរដែនដីនៅទីនោះឲ្យដឹងថា គណៈកម្មការអន្តរក្រសួងមិនអាចផ្ដល់សំណងគោលនយោបាយតាមការទាមទាររបស់ប្រជាពលរដ្ឋចំនួន 4 គ្រួសារខាងលើដែលកំពុងកាន់កាប់ដីសាធារណៈរបស់រដ្ឋក្នុងអាងទឹកកំពង់ជ្រៃនោះទេ ហើយគណៈកម្មការអន្តរក្រសួងបានផ្ដល់ប្រាក់គោលនយោបាយលើដីអាស្រ័យផលក្នុងអត្រា 2400 ដុល្លាក្នុងមួយហិចតាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ដូចៗគ្នានិងស្មើៗគ្នាស្របតាមគោលនយោបាយអនុម័តរបស់សម្ដេចតេជោហ៊ុនសែនចុះថ្ងៃទី 24 ខែកក្កដាឆ្នាំ 2019។
សូមបញ្ជាក់ថាបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងគឺសូមឲ្យប្រជាពលរដ្ឋទាំង 4 គ្រួសារនោះគឺទី ១ អញ្ជើញទៅទទួលយកសំណងតាមអត្រាកំណត់សម្រាប់ធ្វើការដោះស្រាយផលប៉ះពាល់ឲ្យបានទាន់ពេលវេលាតាមរយៈលោកមេភូមិ មេឃុំ។២ គណៈកម្មការអន្តរក្រសួងនិងធ្វើការដកហូតដីអាស្រ័យផលដែលជាដីសាធារណៈរបស់រដ្ឋសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហានទី 2 ៣ ក្នុងករណីមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងនេះគណៈកម្មការអន្តរក្រសួងនិងអនុវត្តតាមវិធានការច្បាប់ចាប់ពីថ្ងៃទី 9 ខែកញ្ញាឆ្នាំ 2022 នេះតទៅ។
៤ ក្នុងករណីបុគ្គលណាម្នាក់រារាំង ដល់ក្រុមការងារចុះអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហានទី 2 ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងកម្លាំងមានសមត្ថកិច្ចនិងចាត់វិធានការស្របតាមនីតិវិធីច្បាប់។