(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើងទាំង១៣នាក់ ពាក់ព័ន្ធករណីកាប់គេ និងលួចឆក់សកម្មណាស់នៅក្រុងប៉ោយប៉ែត ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ លឹម ម៉ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ័ កាលពីយប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ ថាមានករណីមានក្រុមស្ទាវជិៈម៉ូតូជិត១០គ្រឿងដេញកាប់ ជនរងគ្រោះ បង្ករបួសស្នាម និងយកម៉ូតូជនរងគ្រោះ១គ្រឿង ម៉ាកឌ្រីម C125ពណ៍ ក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129 នៅចំណុចមុខបូរីKN ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក សៅ សារឿន បន្ថែមថា៖ ដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឲ្យលោកដឹកនាំបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៨នាក់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែលឃាត់នៅចំណុចភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យ កម្លាំងជំនាវបានបន្តការស្រាវជ្រាវនិងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៅថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់បន្ថែមទៀត និងដកហូតបានវត្ថុតាងរួមមាន៖កាំបិតផ្គាក់ ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីម។ ជនសង្ស័យទាំង១៣នាក់នេះ មានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕ដោយ៖សៅ នៅ