ព្រះវិហារ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អគារសាលាបឋមសិក្សាប្រមេរុ ស្ថិតក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរូប។
ឯកឧត្តម មាស សុភា បានថ្លែងថាការបញ្ជុះបឋមសិលាសាងសង់សាលារៀនទំហំ ៩ម៉ែត្រ គុណនិង ៤៨ ម៉ែត្រ ស្មើនឹង៦បន្ទប់នាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាមានសុខសន្តិភាព មានការរីកចម្រើនគ្រប់វិស័យ មានការអភិវឌ្ឍជាលំដាប់ ។
ក្នុងឱកាសនោះដែរឯកឧត្តម មាស សុភា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនាពេលនោះផងដែរ។
ឯកឧត្តម គីម រិទ្ធី បានថ្លែងថាថ្ងៃនេះពិតជាមានក្ដីរំភើបយ៉ាងក្រៃលែងចំពោះវត្តមានពុកម៉ែបងប្អូន លោកតា លោកយាយ ក្មួយៗ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ក្នុងពិធីបញ្ជុះបឋម សិលាសាងសង់សាលារៀននាថ្ងៃនេះ។ ឯកឧត្តមក៏បានជំរុញដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូទាំងអស់ បន្តពង្រឹងវិន័យ រក្សារបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាលាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ សំដៅកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ នៅក្នុងសាលា និងមូលដ្ឋាន។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ព្យាយាមសិក្សារៀនសូត្រនិងស្ដាប់ដំបូន្មានគ្រូ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាមនុស្សល្អក្នុងសង្គម ប្រែក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាននាំមកនូវអំណោយជូន លោកគ្រូ អ្នកគ្រូ ២៨នាក់ ម្នាក់ថវិកា៤ម៉ឺនរៀល សិស្សានុសិស្ស៥៧០នាក់ ម្នាក់ទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម ថវិកា៥ពាន់រៀល ប្រជាពលរដ្ឋ២០០នាក់ ម្នាក់ ក្រមា១ថវិកា២ម៉ឺនរៀល តាជីយាយជី ២០នាក់ ម្នាក់ ក្រណាត់ស១ដុំ ថវិកា២ម៉ឺនរៀលផងដែរ៕