បុរសម្នាក់តែងខ្លួនស្រី ត្រូវបានសមត្ថកិច្ចស្រុកពញាឮឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ បុរសម្នាក់ដែលតែងខ្លួនស្រី ត្រូវបានសមត្ថកិច្ចស្រុកពញាឮ ក្នុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៥ ព្រឹក នៅចំណុចផ្លូវបេតុង ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ឌុក សុម៉ារ៉ា ហៅឌុក សុខណា ភេទប្រុស ( តែងខ្លួនស្រី) អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ មុខរបរសម្អាងការ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០៥ កញ្ចប់តូចទម្ងន់ ២,៦១ក្រាម ,២-ទូរសព្ទចំនួន ០១ គ្រឿង ( ម៉ាកrealmi ) ,៣- ម៉ូតូម៉ាក ZOOMER ) ស្លាកលេខ កំពង់ចាម 1Q- 2537 ពណ៌ខៀវនិង ៤-ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកជំនាញស្រុកពញាឮ  រួមសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់លួង បានចេញល្បាតវេនទៀបភ្លឺ ដល់ចំណុចកើតហេតុឃើញជនសង្ស័យ ក៏ឃាត់សួរ និង ត្រួតពិនិត្យ រកឃើញថ្នាំញៀន នៅជាប់ខ្លួនជនសង្ស័យចំនួន០៤កញ្ចប់តូច  ក៏បង្ក្រាបឃាត់ខ្លួនហើយនាំជនសង្ស័យមកអធិការដ្ឋានដើម្បីសាកសួរតែម្តង។

ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចក៏បានបង្កើតគណៈកម្មការចម្រុះឆែកឆេរលំនៅដ្ឋាន និងតូបសម្អាងការ របស់ជនសង្ស័យរកឃើញ និងចាប់យកវត្ថុតាង បានថ្នាំញៀន ០១ កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថា «ថ្នាំញៀនដែល ដែលខ្លួនយកមកធ្វើសកម្មភាព ជួញដូរបន្ត និង ប្រើប្រាស់នេះ គឺទៅទិញនៅភ្នំពេញ ម្តុំផ្សារសូរិយាម៉ល ដោយឡើងទៅទិញម្តងៗ ចំនួន ៣០០,០០០រៀល ( សាមសិបម៉ឺនរៀល) អ្នកលក់ពុំស្គាល់ឈ្មោះភេទប្រុស»។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *