ភ្នំពេញ : សម្ដេច តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានបុរសម្នាក់ជាសាធារណៈ ក្រោយពីបុរសនោះបានតាំងខ្លួនជាប្អូនជីដូនមួយ ដោយសម្ដេចចាត់ទុកថា ជាការបោកប្រាស់ ។
បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី៦ កញ្ញា សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានព្រមានថា « សូមប្អូនហ៊ុន វិបុល បញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង » ។ សារដដែលបានបញ្ជាក់ថា ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំ ពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល ពិតមែន តែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។
បើតាមសម្ដេច តេជោ « ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាម រយៈទូរស័ព្ទ២លើកមកហើយ តែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យ មានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។
បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ ក្នុងសង្គមដោយគ្មានការរើសអើង ។ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូន មួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?។ នេះបើតាមសំណេររបស់សម្ដេច បញ្ជាក់ ៕